13. លោកវាស់ចុងជញ្ជាំងម្ខាងនៃបន្ទប់ រហូតដល់ចុងជញ្ជាំងម្ខាងនៃបន្ទប់មួយទៀតដែលនៅទល់មុខគ្នា ឃើញមានប្រវែងម្ភៃប្រាំហត្ថ។
14. លោកវាស់បន្ទប់ឃើញមានបណ្ដោយម្ភៃហត្ថ។ មានទីលាននៅជុំវិញបន្ទប់នោះ។
15. ពីខ្លោងទ្វារចូលរហូតដល់បន្ទប់ល្វែងនៅជាប់នឹងខ្លោងទ្វារខាងក្នុង មានប្រវែងហាសិបហត្ថ។
16. នៅតាមបន្ទប់តូចៗមានបង្អួចព័ទ្ធជុំវិញ បង្អួចនោះធ្វើពីចម្រឹងដែក ហើយក៏មានសសរព័ទ្ធជុំវិញដែរ។ នៅតាមបន្ទប់ល្វែងខាងក្នុង ក៏មានបង្អួចធ្វើពីចម្រឹងដែកព័ទ្ធជុំវិញដែរ។ នៅលើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាកជាលំអផង។
17. លោកបាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះ មានបន្ទប់សាមសិប។
18. កំរាលថ្មស្ថិតនៅជាប់ខ្លោងទ្វារ ហើយមានបណ្ដោយស្មើនឹងបណ្ដោយរបស់ខ្លោងទ្វារ។ កំរាលថ្មនោះជាកំរាលថ្មខាងក្រោម។
19. លោកវាស់ពីមុខខ្លោងទ្វារខាងក្រោមរហូតដល់ទីលានខាងក្នុង គឺពីទិសខាងកើត រហូតដល់ទិសខាងជើង មានប្រវែងមួយរយហត្ថ។
20. លោកវាស់បណ្ដោយ និងទទឹងរបស់ខ្លោងទ្វារដែលបែរមុខទៅរកទីលានខាងក្រៅ គឺនៅខាងជើងទីលាន។
21. ខ្លោងទ្វារនោះមានបន្ទប់តូចៗម្ខាងបីៗ រីឯជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចខ្លោងទ្វារទីមួយដែរ គឺបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។