1. «កូនមនុស្សអើយ ចូរយកឥដ្ឋមួយដុំមកដាក់នៅមុខអ្នក ហើយគូរផែនទីក្រុងយេរូសាឡឹមនៅលើឥដ្ឋនោះ។
2. បន្ទាប់មក ចូរដាក់ខ្មាំងសត្រូវឡោមព័ទ្ធក្រុងនោះ ព្រមទាំងសង់ប៉ម និងលើកទួលឡើងសម្រាប់វាយលុកក្រុងនោះផង។ ចូរដាក់ទីតាំងទ័ព និងដាក់គ្រឿងសស្ត្រាវុធដ៏ធំៗ ត្រៀមជុំវិញទីក្រុង ដើម្បីទម្លុះកំពែង។
3. ចូរយកបន្ទះដែកមួយមកធ្វើជាជញ្ជាំងខណ្ឌអ្នកពីក្រុងនោះ។ ចូរសម្លឹងទៅរកទីក្រុង ហើយឡោមព័ទ្ធក្រុងនោះ ទុកជាទីសម្គាល់ឲ្យជនជាតិអ៊ីស្រាអែលដឹងថា ខ្មាំងសត្រូវនឹងព័ទ្ធក្រុងយេរូសាឡឹម។
4. រីឯអ្នកវិញ ចូរដេកផ្អៀងខាងឆ្វេង ហើយដាក់អំពើបាបរបស់ជនជាតិអ៊ីស្រាអែលលើខ្លួនអ្នកដែរ។ អ្នកត្រូវទទួលយកអំពើបាបរបស់ពួកគេគ្រប់ចំនួនថ្ងៃដែលអ្នកដេកផ្អៀង។
5. យើងឲ្យអ្នកដេកដូច្នេះ បីរយកៅសិបថ្ងៃ ស្មើនឹងចំនួនឆ្នាំដែលពួកគេបានប្រព្រឹត្តអំពើបាប។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជនជាតិអ៊ីស្រាអែលតាមរបៀបនេះ។
6. ពេលអ្នកដេកផ្អៀងខាងឆ្វេងគ្រប់ចំនួនថ្ងៃហើយ ចូរដេកផ្អៀងខាងស្ដាំម្ដង។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជនជាតិយូដាចំនួនសែសិបថ្ងៃ គឺមួយថ្ងៃស្មើនឹងមួយឆ្នាំ។
7. អ្នកត្រូវសម្លឹងទៅរកក្រុងយេរូសាឡឹម ដែលខ្មាំងឡោមព័ទ្ធ ហើយលើកដៃប្រកាសប្រឆាំងនឹងក្រុងនេះក្នុងនាមយើង។
8. យើងនឹងយកខ្សែពួរចងអ្នក ដើម្បីកុំឲ្យអ្នកអាចប្រែពីម្ខាងទៅម្ខាង រហូតដល់គ្រប់ចំនួនថ្ងៃ ដែលអ្នកត្រូវឡោមព័ទ្ធទីក្រុង។