2. យើងនឹងបង្ខំអ្នក ហើយនាំអ្នកចាកចេញពីទីដាច់ស្រយាលនាទិសខាងជើង ឆ្ពោះមកភ្នំនៃស្រុកអ៊ីស្រាអែល។
3. យើងនឹងវាយបំបាក់ធ្នូដែលអ្នកកាន់នៅដៃឆ្វេង ហើយជម្រុះព្រួញពីដៃស្ដាំរបស់អ្នក។
4. អ្នក និងទាហាន ព្រមទាំងជាតិសាសន៍ទាំងឡាយដែលនៅជាមួយអ្នក នឹងដួលស្លាប់នៅលើភ្នំអ៊ីស្រាអែល ក្លាយទៅជាចំណីរបស់សត្វសាហាវ ត្មាត និងសត្វព្រៃគ្រប់ប្រភេទ។
5. អ្នកនឹងដួលស្លាប់នៅតាមទីវាល ដូចយើងបានថ្លែងទុកស្រាប់ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
6. យើងនឹងបញ្ជូនភ្លើងទៅបញ្ឆេះស្រុកម៉ាកុក និងនៅក្នុងចំណោមអស់អ្នកដែលរស់នៅដោយឥតភ័យបារម្ភតាមកោះនានា ហើយពួកគេនឹងទទួលស្គាល់ថាយើងជាព្រះអម្ចាស់។
7. យើងនឹងធ្វើឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនបណ្ដោយឲ្យពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតហើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
8. មើល៍ហេតុការណ៍ទាំងនោះ គឺថ្ងៃដែលយើងបានប្រកាសទុក កំពុងតែសម្រេចជារូបរាងហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
9. ពេលនោះ ប្រជាជនរបស់ក្រុងនានានៃស្រុកអ៊ីស្រាអែលនឹងនាំគ្នាចេញទៅដុតកម្ទេចគ្រឿងអាវុធ និងខែលតូចធំ ព្រមទាំងស្ន និងលំពែង។ ពួកគេប្រើគ្រឿងសស្ត្រាវុធទាំងនោះសម្រាប់ដុតអស់រយៈពេលប្រាំពីរឆ្នាំ
10. គឺពួកគេមិនយកឈើពីទីវាល ឬកាប់ដើមឈើពីព្រៃ មកធ្វើជាអុសឡើយ ដ្បិតពួកគេប្រើគ្រឿងសស្ត្រាវុធទាំងនោះ ដើម្បីដុត។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកធ្វើជាឈ្លើយ ហើយរឹបអូសយកទ្រព្យសម្បត្តិ ពីអស់អ្នកដែលបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេនោះមកវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
11. នៅថ្ងៃនោះ យើងនឹងប្រគល់កន្លែងមួយក្នុងស្រុកអ៊ីស្រាអែល សម្រាប់បញ្ចុះសពស្ដេចកុក គឺនៅជ្រលងភ្នំ អ្នកដំណើរដែលស្ថិតនៅខាងកើតសមុទ្រ។ គេនឹងបញ្ចុះសពស្ដេចកុក និងពលទ័ពដ៏ច្រើនរបស់ខ្លួននៅទីនោះ ហើយឃាំងផ្លូវអ្នកដំណើរមិនឲ្យឆ្លងកាត់តាមនោះទៀត។ គេនឹងដាក់ឈ្មោះជ្រលងភ្នំនោះថា “ជ្រលងភ្នំកងពលស្ដេចកុក”។
12. កូនចៅអ៊ីស្រាអែលនឹងចំណាយពេលប្រាំពីរខែ សម្រាប់បញ្ចុះសពពួកគេ ដើម្បីជម្រះស្រុកឲ្យបានបរិសុទ្ធ។
13. ប្រជាជនទាំងមូលនៅក្នុងស្រុកនឹងបញ្ចុះសពពួកគេ ហើយនៅថ្ងៃយើងសម្តែងសិរីរុងរឿង ប្រជាជនទាំងនោះនឹងខ្ពស់មុខ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
14. គេនឹងយកមនុស្សមួយចំនួនទុកដោយឡែក សម្រាប់ចំណាយពេលទាំងស្រុងធ្វើដំណើរឆ្លងកាត់ស្រុក។ អ្នកទាំងនោះប្រមូលសាកសពដែលនៅសល់ក្នុងស្រុកយកទៅបញ្ចុះ ដោយមានអ្នកដំណើរជួយផង។ ពួកគេចំណាយពេលប្រាំពីរខែ ប្រមូលសាកសព ដើម្បីជម្រះទឹកដីឲ្យបានបរិសុទ្ធ។