15. ពេលអ្នកទាំងនោះធ្វើដំណើរឆ្លងកាត់ស្រុក បើមាននរណាម្នាក់ឃើញឆ្អឹងខ្មោច គេដាក់ថ្មចំណាំនៅក្បែរនោះ ទុកឲ្យពួកអ្នកជីករណ្ដៅមកប្រមូលទៅកប់នៅ “ជ្រលងភ្នំកងពលស្ដេចកុក”។
16. “កងពល” ក៏ជាឈ្មោះរបស់ក្រុងមួយដែរ។ នេះជារបៀបដែលគេជម្រះស្រុក។
17. ចំណែកឯអ្នកវិញ កូនមនុស្សអើយ តោងប្រាប់សត្វស្លាបគ្រប់ប្រភេទ និងសត្វព្រៃទាំងអស់ថា “ចូរប្រមូលគ្នាមកពីគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីយញ្ញបូជារបស់យើង គឺពិធីយញ្ញបូជាយ៉ាងធំ ដែលយើងរៀបចំនៅលើភ្នំនៃស្រុកអ៊ីស្រាអែលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
18. អ្នករាល់គ្នានឹងស៊ីសាច់របស់ទាហានដ៏អង់អាច ហើយផឹកឈាមរបស់មេដឹកនាំទាំងឡាយនៅលើផែនដី ដែលយើងធ្វើយញ្ញបូជាជំនួសចៀមឈ្មោល កូនចៀម ពពែឈ្មោល និងគោបាបំប៉ននៅស្រុកបាសាន។
19. ក្នុងពេលយើងធ្វើយញ្ញបូជា សម្រាប់អ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគសាច់ដ៏ល្អៗរហូតដល់ឆ្អែតឆ្អន់ អ្នករាល់គ្នាផឹកឈាមរហូតដល់ស្រវឹង។
20. ក្នុងពិធីជប់លៀងរបស់យើង អ្នករាល់គ្នានឹងស៊ីសាច់សេះ ស៊ីសាច់ទាហាន ទ័ពសេះ ទាហានដ៏អង់អាច និងអ្នកចំបាំងទាំងប៉ុន្មាន”- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
21. យើងនឹងសម្តែងសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា ហើយប្រជាជាតិទាំងអស់នឹងឃើញថាយើងវិនិច្ឆ័យទោសពួកគេ ដោយដៃរបស់យើងផ្ទាល់។
22. ចាប់ពីថ្ងៃនោះតទៅអនាគត កូនចៅអ៊ីស្រាអែលនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។
23. ប្រជាជាតិទាំងឡាយនឹងទទួលស្គាល់ថា កូនចៅអ៊ីស្រាអែលត្រូវខ្មាំងកៀរទៅជាឈ្លើយដូច្នេះ ព្រោះតែពួកគេបានប្រព្រឹត្តអំពើបាប និងក្បត់ចិត្តយើង។ ហេតុនេះហើយបានជាយើងលែងរវីរវល់នឹងពួកគេ យើងបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ដើម្បីឲ្យអ្នកទាំងនោះប្រហារជីវិតពួកគេទាំងអស់ ដោយមុខដាវ។
24. យើងបានប្រព្រឹត្តចំពោះពួកគេ តាមអំពើសៅហ្មង និងអំពើទុច្ចរិតរបស់ពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ»។
25. ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងនឹងស្ដារស្រុកយូដាឡើងវិញ យើងនឹងមានចិត្តអាណិតអាសូរដល់កូនចៅអ៊ីស្រាអែលទាំងមូល ហើយយើងមិនទុកឲ្យនាមដ៏វិសុទ្ធរបស់យើងនៅអាប់អោនដូច្នេះឡើយ។
26. ពេលនោះ ពួកគេនឹងលែងនឹកឃើញភាពអាម៉ាស់ និងការមិនស្មោះត្រង់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្តចំពោះយើង ហើយពួកគេនឹងរស់នៅក្នុងស្រុកដោយសុខសាន្ត ឥតមាននរណាធ្វើទុក្ខពួកគេឡើយ។
27. យើងនឹងសម្តែងភាពវិសុទ្ធរបស់យើងតាមរយៈពួកគេ នៅចំពោះមុខប្រជាជាតិទាំងអស់ ដោយនាំពួកគេចាកចេញពីចំណោមជាតិសាសន៍នានា និងប្រមូលពួកគេពីស្រុករបស់ខ្មាំងសត្រូវមកវិញ។
28. ពេលនោះ មនុស្សម្នានឹងដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងបានបំបរបង់ពួកគេ ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយយើងក៏បានប្រមូលផ្ដុំពួកគេ ឲ្យមកនៅលើទឹកដីរបស់ខ្លួនវិញដែរ គឺយើងមិនបោះបង់ចោលនរណាម្នាក់ក្នុងស្រុកដទៃឡើយ។