4. យើងនឹងបង្ខំអ្នក យកបង្ហៀរមកដាក់ក្នុងមាត់អ្នក យើងនឹងនាំអ្នក កងទ័ពទាំងមូលរបស់អ្នក សេះ និងទ័ពសេះដែលប្រដាប់ខ្លួនយ៉ាងល្អឥតខ្ចោះ ព្រមទាំងទាហានយ៉ាងច្រើនដែលកាន់ខែលតូចធំ ហើយប្រសប់ប្រើដាវទាំងអស់គ្នា។
5. សាសន៍ពែរ្ស អេត្យូពី និងពូថ ដែលប្រដាប់ខ្លួនដោយខែល និងមួកដែកក៏មកជាមួយដែរ។
6. សាសន៍កូមើរ និងកងពលរបស់គេទាំងមូល ព្រមទាំងសាសន៍តូកាម៉ា ដែលនៅទីដាច់ស្រយាលនាទិសខាងជើង និងកងពលរបស់គេទាំងមូល គឺមានកងទ័ពរបស់ប្រជាជាតិយ៉ាងច្រើនមកជាមួយអ្នក។
7. ចូរអ្នក និងទាហានដែលនៅជាមួយអ្នក រៀបចំខ្លួនប្រុងប្រៀបជាស្រេច ក្រោមបញ្ជារបស់អ្នក។
8. នៅពេលអនាគត គឺនៅគ្រាចុងក្រោយបំផុត យើងនឹងចាត់អ្នកឲ្យចេញទៅច្បាំងយកស្រុកអ៊ីស្រាអែល។ ប្រជាជននៅស្រុកនោះបានគេចផុតពីមុខដាវ ហើយចាកចេញពីចំណោមប្រជាជាតិជាច្រើន មកប្រមូលផ្ដុំគ្នានៅលើភ្នំនានានៃស្រុកអ៊ីស្រាអែល ជាកន្លែងដ៏ស្ងាត់ជ្រងំយូរឆ្នាំមកហើយ។ ក្រោយពេលចាកចេញពីចំណោមជាតិសាសន៍នានាមក ពួកគេរស់នៅយ៉ាងសុខសាន្តទាំងអស់គ្នាក្នុងស្រុករបស់ខ្លួន។
9. អ្នកនឹងឡើងទៅវាយលុកស្រុកនោះដូចខ្យល់ព្យុះសង្ឃរា អ្នក និងកងពលទាំងមូលរបស់អ្នក ព្រមទាំងជាតិសាសន៍ជាច្រើនដែលនៅជាមួយអ្នក នឹងប្រៀបបីដូចជាពពកគ្របបាំងពីលើស្រុក»។
10. ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «នៅគ្រានោះ អ្នកនឹងមានចិត្តអួតបំប៉ោង ហើយរៀបចំផែនការអាក្រក់។
11. អ្នកពោលថា “ខ្ញុំនឹងឡើងទៅវាយយកស្រុកដែលគ្មាននរណាការពារ ខ្ញុំនឹងវាយប្រហារអ្នកស្រុកដែលរស់នៅដោយឥតភ័យបារម្ភ ហើយក្រុងរបស់គេគ្មានកំពែង គ្មានទ្វារ ឬរនុកឡើយ។