អេសេ‌គាល 38:18-23 Khmer Standard Version (KHSV)

18. ក៏​ប៉ុន្តែ នៅ​ថ្ងៃ​នោះ គឺ​ថ្ងៃ​ដែល​កុក​មក​វាយ​លុក​ទឹក​ដី​អ៊ីស្រា‌អែល យើង​ក្ដៅ​ចិត្ត​ជា​ខ្លាំង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

19. ដោយ​ចិត្ត​ប្រច័ណ្ឌ និង​ដោយ​ចិត្ត​ឆេះ‌ឆួល​យើង​ក៏​ប្រកាស​ថា នៅ​ថ្ងៃ​នោះ​មុខ​ជា​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​នៅ​ស្រុក​អ៊ីស្រា‌អែល។

20. ត្រី​នៅ​ក្នុង​សមុទ្រ បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ សត្វ​ព្រៃ សត្វ​លូន​វារ និង​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​លើ​ផែនដី នឹង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​យើង។ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រលាយ រីឯ​ផ្ទាំង​ថ្ម ព្រម​ទាំង​កំពែង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​រលំ​ដែរ។

21. យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​កាប់​សម្លាប់​គ្នា ក្នុង​ជួរ​ទ័ព​របស់​ស្ដេច​កុក នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ពេល​នោះ ម្នាក់ៗ​នឹង​លើក​ដាវ​កាប់​បង‌ប្អូន​របស់​ខ្លួន។

22. យើង​នឹង​ប្រើ​ជំងឺ​រាត‌ត្បាត និង​ការ​បង្ហូរ​ឈាម​ដាក់​ទោស​ស្ដេច​នេះ។ យើង​ធ្វើ​ឲ្យ​មាន​ព្រឹល និង​ភ្លៀង​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​មាន​ភ្លើង និង​ស្ពាន់ធ័រ​ធ្លាក់​មក​លើ​ស្ដេច​នោះ ព្រម​ទាំង​កង‌ទ័ព និង​ជាតិ​សាសន៍​ដ៏​ច្រើន​ដែល​នៅ​ជា​មួយ។

23. យើង​នឹង​សម្តែង​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ ដូច្នេះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

អេសេ‌គាល 38