16. ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។
17. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ពីដើម យើងបាននិយាយអំពីអ្នក តាមរយៈអ្នកបម្រើរបស់យើង គឺពួកព្យាការីរបស់ជនជាតិអ៊ីស្រាអែល។ នៅគ្រានោះ ពួកគេបានថ្លែងពាក្យក្នុងនាមយើងជាច្រើនឆ្នាំថា យើងនឹងនាំអ្នកមកវាយប្រហារប្រជារាស្ត្ររបស់យើង។
18. ក៏ប៉ុន្តែ នៅថ្ងៃនោះ គឺថ្ងៃដែលកុកមកវាយលុកទឹកដីអ៊ីស្រាអែល យើងក្ដៅចិត្តជាខ្លាំង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
19. ដោយចិត្តប្រច័ណ្ឌ និងដោយចិត្តឆេះឆួលយើងក៏ប្រកាសថា នៅថ្ងៃនោះមុខជាមានរញ្ជួយផែនដីយ៉ាងខ្លាំងនៅស្រុកអ៊ីស្រាអែល។
20. ត្រីនៅក្នុងសមុទ្រ បក្សាបក្សីដែលហើរនៅលើមេឃ សត្វព្រៃ សត្វលូនវារ និងមនុស្សទាំងអស់ដែលរស់នៅលើផែនដី នឹងភ័យញាប់ញ័រនៅចំពោះមុខយើង។ ភ្នំទាំងឡាយនឹងត្រូវរលាយ រីឯផ្ទាំងថ្ម ព្រមទាំងកំពែងទាំងប៉ុន្មានក៏នឹងត្រូវរលំដែរ។
21. យើងនឹងធ្វើឲ្យមានការកាប់សម្លាប់គ្នា ក្នុងជួរទ័ពរបស់ស្ដេចកុក នៅលើភ្នំទាំងប៉ុន្មានរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ពេលនោះ ម្នាក់ៗនឹងលើកដាវកាប់បងប្អូនរបស់ខ្លួន។
22. យើងនឹងប្រើជំងឺរាតត្បាត និងការបង្ហូរឈាមដាក់ទោសស្ដេចនេះ។ យើងធ្វើឲ្យមានព្រឹល និងភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំង ហើយធ្វើឲ្យមានភ្លើង និងស្ពាន់ធ័រធ្លាក់មកលើស្ដេចនោះ ព្រមទាំងកងទ័ព និងជាតិសាសន៍ដ៏ច្រើនដែលនៅជាមួយ។
23. យើងនឹងសម្តែងឲ្យប្រជាជាតិទាំងឡាយឃើញថា យើងជាព្រះដ៏ឧត្ដុង្គឧត្ដម និងជាព្រះដ៏វិសុទ្ធ។ ដូច្នេះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។