11. អ្នកពោលថា “ខ្ញុំនឹងឡើងទៅវាយយកស្រុកដែលគ្មាននរណាការពារ ខ្ញុំនឹងវាយប្រហារអ្នកស្រុកដែលរស់នៅដោយឥតភ័យបារម្ភ ហើយក្រុងរបស់គេគ្មានកំពែង គ្មានទ្វារ ឬរនុកឡើយ។
12. ខ្ញុំនឹងរឹបអូសយកជយភ័ណ្ឌរបស់ពួកគេ ខ្ញុំនឹងចាប់យកស្រុកដែលពីមុនជាគំនរបាក់បែក តែឥឡូវនេះ មានប្រជាជនរស់នៅ គឺប្រជាជនដែលចាកចេញពីចំណោមប្រជាជាតិនានា ពួកគេមានហ្វូងសត្វ និងទ្រព្យសម្បត្តិ ហើយរស់នៅចំកណ្ដាលផែនដី”។
13. ជនជាតិសេបា ជនជាតិដេដាន់ អ្នកជំនួញពីស្រុកតើស៊ីស និងមេដឹកនាំរបស់ពួកគេនឹងពោលមកអ្នកថា “តើព្រះរាជាយាងមកចាប់យកជយភ័ណ្ឌឬ? តើព្រះរាជាលើកកងទ័ពមកយ៉ាងច្រើនដូច្នេះ ដើម្បីប្លន់ស្រុកនេះ រឹបអូសយកមាសប្រាក់ ហ្វូងសត្វ និងទ្រព្យសម្បត្តិដែលជាជយភ័ណ្ឌដ៏ច្រើនឬ?”»។
14. កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង ប្រាប់ស្ដេចកុកដូចតទៅ៖ «ព្រះជាអម្ចាស់មានព្រះបន្ទូលថា: នៅថ្ងៃដែលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង កំពុងរស់នៅយ៉ាងសុខសាន្តនោះ អ្នកក៏បានទទួលដំណឹង
15. ហើយចាកចេញពីស្រុករបស់ខ្លួន ដែលស្ថិតនៅទីដាច់ស្រយាលនាទិសខាងជើង អ្នកនឹងនាំកងទ័ពដ៏ច្រើនឥតគណនាជិះសេះមក
16. ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។
17. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ពីដើម យើងបាននិយាយអំពីអ្នក តាមរយៈអ្នកបម្រើរបស់យើង គឺពួកព្យាការីរបស់ជនជាតិអ៊ីស្រាអែល។ នៅគ្រានោះ ពួកគេបានថ្លែងពាក្យក្នុងនាមយើងជាច្រើនឆ្នាំថា យើងនឹងនាំអ្នកមកវាយប្រហារប្រជារាស្ត្ររបស់យើង។
18. ក៏ប៉ុន្តែ នៅថ្ងៃនោះ គឺថ្ងៃដែលកុកមកវាយលុកទឹកដីអ៊ីស្រាអែល យើងក្ដៅចិត្តជាខ្លាំង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
19. ដោយចិត្តប្រច័ណ្ឌ និងដោយចិត្តឆេះឆួលយើងក៏ប្រកាសថា នៅថ្ងៃនោះមុខជាមានរញ្ជួយផែនដីយ៉ាងខ្លាំងនៅស្រុកអ៊ីស្រាអែល។
20. ត្រីនៅក្នុងសមុទ្រ បក្សាបក្សីដែលហើរនៅលើមេឃ សត្វព្រៃ សត្វលូនវារ និងមនុស្សទាំងអស់ដែលរស់នៅលើផែនដី នឹងភ័យញាប់ញ័រនៅចំពោះមុខយើង។ ភ្នំទាំងឡាយនឹងត្រូវរលាយ រីឯផ្ទាំងថ្ម ព្រមទាំងកំពែងទាំងប៉ុន្មានក៏នឹងត្រូវរលំដែរ។