1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «កូនមនុស្សអើយ ចូរបែរមុខទៅរកស្ដេចកុកនៅស្រុកម៉ាកុក ជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាល ហើយថ្លែងប្រាប់ស្ដេចនោះក្នុងនាមយើងថា:
3. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុកដែលជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ!
4. យើងនឹងបង្ខំអ្នក យកបង្ហៀរមកដាក់ក្នុងមាត់អ្នក យើងនឹងនាំអ្នក កងទ័ពទាំងមូលរបស់អ្នក សេះ និងទ័ពសេះដែលប្រដាប់ខ្លួនយ៉ាងល្អឥតខ្ចោះ ព្រមទាំងទាហានយ៉ាងច្រើនដែលកាន់ខែលតូចធំ ហើយប្រសប់ប្រើដាវទាំងអស់គ្នា។
5. សាសន៍ពែរ្ស អេត្យូពី និងពូថ ដែលប្រដាប់ខ្លួនដោយខែល និងមួកដែកក៏មកជាមួយដែរ។
6. សាសន៍កូមើរ និងកងពលរបស់គេទាំងមូល ព្រមទាំងសាសន៍តូកាម៉ា ដែលនៅទីដាច់ស្រយាលនាទិសខាងជើង និងកងពលរបស់គេទាំងមូល គឺមានកងទ័ពរបស់ប្រជាជាតិយ៉ាងច្រើនមកជាមួយអ្នក។
7. ចូរអ្នក និងទាហានដែលនៅជាមួយអ្នក រៀបចំខ្លួនប្រុងប្រៀបជាស្រេច ក្រោមបញ្ជារបស់អ្នក។
8. នៅពេលអនាគត គឺនៅគ្រាចុងក្រោយបំផុត យើងនឹងចាត់អ្នកឲ្យចេញទៅច្បាំងយកស្រុកអ៊ីស្រាអែល។ ប្រជាជននៅស្រុកនោះបានគេចផុតពីមុខដាវ ហើយចាកចេញពីចំណោមប្រជាជាតិជាច្រើន មកប្រមូលផ្ដុំគ្នានៅលើភ្នំនានានៃស្រុកអ៊ីស្រាអែល ជាកន្លែងដ៏ស្ងាត់ជ្រងំយូរឆ្នាំមកហើយ។ ក្រោយពេលចាកចេញពីចំណោមជាតិសាសន៍នានាមក ពួកគេរស់នៅយ៉ាងសុខសាន្តទាំងអស់គ្នាក្នុងស្រុករបស់ខ្លួន។
9. អ្នកនឹងឡើងទៅវាយលុកស្រុកនោះដូចខ្យល់ព្យុះសង្ឃរា អ្នក និងកងពលទាំងមូលរបស់អ្នក ព្រមទាំងជាតិសាសន៍ជាច្រើនដែលនៅជាមួយអ្នក នឹងប្រៀបបីដូចជាពពកគ្របបាំងពីលើស្រុក»។