7. ខ្ញុំក៏ថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអង្គ។ ក្នុងពេលដែលខ្ញុំកំពុងនិយាយនោះ ស្រាប់តែមានឮស្នូរសំឡេង គឺឆ្អឹងទាំងអស់កំរើកចូលជិតគ្នាទៅវិញទៅមក។
8. ខ្ញុំសង្កេតឃើញមានសរសៃនៅលើឆ្អឹង ហើយសាច់ដុះពីលើ រួចមានស្បែករុំស្រោបផង ប៉ុន្តែ មិនទាន់មានខ្យល់ដង្ហើមនៅឡើយទេ។
9. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម! ចូរប្រាប់ខ្យល់ដង្ហើមថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្យល់ដង្ហើមអើយ! សូមបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងនេះឲ្យមានជីវិតរស់ឡើង»។
10. ខ្ញុំថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអម្ចាស់។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។
11. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រាអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!”
12. ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់គេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជារាស្ត្ររបស់យើងអើយ! យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាឡើងពីផ្នូរនោះ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ។