17. បន្ទាប់មក ចូរយកក្ដារទាំងពីរនោះមកដាក់ភ្ជាប់គ្នាជាបន្ទះតែមួយ នៅក្នុងដៃរបស់អ្នក។
18. កាលណាប្រជាជនរបស់អ្នកសួរថា “សូមពន្យល់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេច?”
19. ត្រូវប្រាប់ពួកគេវិញថា “ព្រះជាអម្ចាស់មានព្រះបន្ទូលថា បន្តិចទៀត យើងនឹងយកក្ដារជាតំណាងយ៉ូសែប(គឺអេប្រាអ៊ីម) ព្រមទាំងកុលសម្ព័ន្ធអ៊ីស្រាអែលដែលនៅជាមួយគេ ទៅដាក់ភ្ជាប់នឹងក្ដារជាតំណាងយូដា ហើយយើងនឹងផ្គុំក្ដារទាំងពីរឲ្យទៅជាបន្ទះតែមួយ នៅក្នុងដៃរបស់យើង។
20. បន្ទះក្ដារទាំងពីរដែលអ្នកសរសេរនោះ នឹងស្ថិតក្នុងដៃរបស់អ្នកនៅចំពោះមុខប្រជាជនទាំងអស់”។
21. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងយកជនជាតិអ៊ីស្រាអែលចេញពីចំណោមប្រជាជាតិនានាដែលពួកគេទៅរស់នៅ។ យើងនឹងប្រមូលពួកគេពីគ្រប់ទិសទី ហើយនាំពួកគេវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ។
22. យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រាអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។
23. ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឲ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាព្រះរបស់ពួកគេ។
24. ពេលនោះ ដាវីឌជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមវិន័យរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមច្បាប់របស់យើងទៀតផង។
25. ពួកគេនឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យយ៉ាកុប ជាអ្នកបម្រើរបស់យើង គឺជាស្រុកដែលដូនតារបស់ពួកគេធ្លាប់រស់នៅកាលពីដើម។ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងរស់នៅក្នុងស្រុកនោះរហូត ហើយដាវីឌជាអ្នកបម្រើរបស់យើង នឹងគ្រប់គ្រងលើពួកគេតរៀងទៅ។
26. យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងឲ្យពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ឲ្យពួកគេកើនចំនួនច្រើនឡើង ហើយយើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។