14. យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត។ យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនិយាយយ៉ាងណាយើងនឹងធ្វើយ៉ាងនោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
15. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
16. «កូនមនុស្សអើយ! ចូរយកក្ដារមួយបន្ទះមកសរសេរពីលើថា “កុលសម្ព័ន្ធយូដា និងកូនចៅអ៊ីស្រាអែល ជាដៃគូនឹងគ្នា”។ ចូរយកក្ដារមួយបន្ទះទៀតមកសរសេរពីលើថា “យ៉ូសែប (គឺអេប្រាអ៊ីម) និងពូជពង្សអ៊ីស្រាអែលទាំងមូលជាដៃគូនឹងគ្នា”។
17. បន្ទាប់មក ចូរយកក្ដារទាំងពីរនោះមកដាក់ភ្ជាប់គ្នាជាបន្ទះតែមួយ នៅក្នុងដៃរបស់អ្នក។
18. កាលណាប្រជាជនរបស់អ្នកសួរថា “សូមពន្យល់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេច?”
19. ត្រូវប្រាប់ពួកគេវិញថា “ព្រះជាអម្ចាស់មានព្រះបន្ទូលថា បន្តិចទៀត យើងនឹងយកក្ដារជាតំណាងយ៉ូសែប(គឺអេប្រាអ៊ីម) ព្រមទាំងកុលសម្ព័ន្ធអ៊ីស្រាអែលដែលនៅជាមួយគេ ទៅដាក់ភ្ជាប់នឹងក្ដារជាតំណាងយូដា ហើយយើងនឹងផ្គុំក្ដារទាំងពីរឲ្យទៅជាបន្ទះតែមួយ នៅក្នុងដៃរបស់យើង។
20. បន្ទះក្ដារទាំងពីរដែលអ្នកសរសេរនោះ នឹងស្ថិតក្នុងដៃរបស់អ្នកនៅចំពោះមុខប្រជាជនទាំងអស់”។
21. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងយកជនជាតិអ៊ីស្រាអែលចេញពីចំណោមប្រជាជាតិនានាដែលពួកគេទៅរស់នៅ។ យើងនឹងប្រមូលពួកគេពីគ្រប់ទិសទី ហើយនាំពួកគេវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ។
22. យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រាអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។
23. ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឲ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាព្រះរបស់ពួកគេ។