អេសេ‌គាល 37:12-20 Khmer Standard Version (KHSV)

12. ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រជា‌រាស្ត្រ​របស់​យើង​អើយ! យើង​នឹង​បើក​ផ្នូរ​របស់​អ្នក​រាល់​គ្នា ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​ពី​ផ្នូរ​នោះ បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ។

13. ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ពេល​យើង​បើក​ផ្នូរ ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

14. យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ យើង​និយាយ​យ៉ាង​ណា​យើង​នឹង​ធ្វើ​យ៉ាង​នោះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

16. «កូន​មនុស្ស​អើយ! ចូរ​យក​ក្ដារ​មួយ​បន្ទះ​មក​សរសេរ​ពី​លើ​ថា “កុល‌សម្ព័ន្ធ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល ជា​ដៃ​គូ​នឹង​គ្នា”។ ចូរ​យក​ក្ដារ​មួយ​បន្ទះ​ទៀត​មក​សរសេរ​ពី​លើ​ថា “យ៉ូសែប (គឺ​អេប្រាអ៊ីម) និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ជា​ដៃ​គូ​នឹង​គ្នា”។

17. បន្ទាប់​មក ចូរ​យក​ក្ដារ​ទាំង​ពីរ​នោះ​មក​ដាក់​ភ្ជាប់​គ្នា​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​អ្នក។

18. កាល​ណា​ប្រជា‌ជន​របស់​អ្នក​សួរ​ថា “សូម​ពន្យល់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច?”

19. ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា បន្តិច​ទៀត យើង​នឹង​យក​ក្ដារ​ជា​តំណាង​យ៉ូសែប(គឺ​អេប្រាអ៊ីម) ព្រម​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ដែល​នៅ​ជា​មួយ​គេ ទៅ​ដាក់​ភ្ជាប់​នឹង​ក្ដារ​ជា​តំណាង​យូដា ហើយ​យើង​នឹង​ផ្គុំ​ក្ដារ​ទាំង​ពីរ​ឲ្យ​ទៅ​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​យើង។

20. បន្ទះ​ក្ដារ​ទាំង​ពីរ​ដែល​អ្នក​សរសេរ​នោះ នឹង​ស្ថិត​ក្នុង​ដៃ​របស់​អ្នក​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់”។

អេសេ‌គាល 37