1. ព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ ព្រះវិញ្ញាណរបស់ព្រះអង្គនាំខ្ញុំទៅដាក់កណ្ដាលជ្រលងភ្នំមួយ ដែលមានឆ្អឹងខ្មោចពាសពេញ។
2. ព្រះអង្គនាំខ្ញុំដើរចុះឡើងក្បែរឆ្អឹងទាំងនោះ។ ក្នុងជ្រលងភ្នំមានឆ្អឹងច្រើនណាស់ ហើយសុទ្ធតែស្ងួតហួតហែងទាំងអស់។
3. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! តើឆ្អឹងទាំងនេះអាចរស់មកជាមនុស្សវិញបានឬទេ?»។ ខ្ញុំទូលតបថា៖ «បពិត្រព្រះជាអម្ចាស់មានតែព្រះអង្គទេដែលជ្រាប»។
4. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ឆ្អឹងទាំងនេះថា: ឆ្អឹងដ៏ស្ងួតអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
5. ព្រះជាអម្ចាស់មានព្រះបន្ទូលថា “យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។
6. យើងនឹងឲ្យអ្នករាល់គ្នាមានសរសៃតភ្ជាប់គ្នា ហើយមានសាច់ដុះពីលើ ព្រមទាំងមានស្បែករុំពីក្រៅផង។ យើងនឹងដាក់ខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់”»។
7. ខ្ញុំក៏ថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអង្គ។ ក្នុងពេលដែលខ្ញុំកំពុងនិយាយនោះ ស្រាប់តែមានឮស្នូរសំឡេង គឺឆ្អឹងទាំងអស់កំរើកចូលជិតគ្នាទៅវិញទៅមក។
8. ខ្ញុំសង្កេតឃើញមានសរសៃនៅលើឆ្អឹង ហើយសាច់ដុះពីលើ រួចមានស្បែករុំស្រោបផង ប៉ុន្តែ មិនទាន់មានខ្យល់ដង្ហើមនៅឡើយទេ។
9. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម! ចូរប្រាប់ខ្យល់ដង្ហើមថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្យល់ដង្ហើមអើយ! សូមបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងនេះឲ្យមានជីវិតរស់ឡើង»។
10. ខ្ញុំថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអម្ចាស់។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។
11. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រាអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!”