4. ហេតុនេះ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ភ្នំតូចភ្នំធំ ជ្រលងដងអូរ ហើយក្រុងដែលនៅសល់តែគំនរបាក់បែក និងក្រុងដែលគេបោះបង់ចោលអើយ ប្រជាជាតិនានានៅជុំវិញនាំគ្នាប្លន់កម្ទេច និងចំអកឡកឡឺយឲ្យអ្នក។
5. ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដោយយើងស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំងបំផុតនោះ យើងនិយាយប្រឆាំងនឹងប្រជាជាតិឯទៀតៗ ជាពិសេសប្រឆាំងនឹងស្រុកអេដុមទាំងមូល ព្រោះពួកគេបានចាប់យកទឹកដីយើងទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ពួកគេសប្បាយចិត្តរឹបអូស និងបំផ្លាញស្រុកនេះឥតត្រាប្រណីឡើយ។
6. ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីទឹកដីអ៊ីស្រាអែល! ចូរប្រាប់ភ្នំតូច ភ្នំធំ និងជ្រលងដងអូរថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនិយាយដោយចិត្តស្រឡាញ់ដ៏លើសលប់ចំពោះអ្នក ហើយដោយកំហឹងដ៏ខ្លាំងដែរ ព្រោះប្រជាជាតិនានាបានធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់។
7. ហេតុនេះ យើងជាព្រះជាអម្ចាស់ យើងលើកដៃសន្យាយ៉ាងឱឡារិកថា ប្រជាជាតិដែលនៅជុំវិញអ្នករាល់គ្នា មុខជាទទួលយកការអាម៉ាស់នោះមិនខាន!