4. ហេតុនេះ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ភ្នំតូចភ្នំធំ ជ្រលងដងអូរ ហើយក្រុងដែលនៅសល់តែគំនរបាក់បែក និងក្រុងដែលគេបោះបង់ចោលអើយ ប្រជាជាតិនានានៅជុំវិញនាំគ្នាប្លន់កម្ទេច និងចំអកឡកឡឺយឲ្យអ្នក។
5. ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដោយយើងស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំងបំផុតនោះ យើងនិយាយប្រឆាំងនឹងប្រជាជាតិឯទៀតៗ ជាពិសេសប្រឆាំងនឹងស្រុកអេដុមទាំងមូល ព្រោះពួកគេបានចាប់យកទឹកដីយើងទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ពួកគេសប្បាយចិត្តរឹបអូស និងបំផ្លាញស្រុកនេះឥតត្រាប្រណីឡើយ។
6. ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីទឹកដីអ៊ីស្រាអែល! ចូរប្រាប់ភ្នំតូច ភ្នំធំ និងជ្រលងដងអូរថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនិយាយដោយចិត្តស្រឡាញ់ដ៏លើសលប់ចំពោះអ្នក ហើយដោយកំហឹងដ៏ខ្លាំងដែរ ព្រោះប្រជាជាតិនានាបានធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់។
7. ហេតុនេះ យើងជាព្រះជាអម្ចាស់ យើងលើកដៃសន្យាយ៉ាងឱឡារិកថា ប្រជាជាតិដែលនៅជុំវិញអ្នករាល់គ្នា មុខជាទទួលយកការអាម៉ាស់នោះមិនខាន!
8. រីឯភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ដើមឈើរបស់អ្នករាល់គ្នានឹងបែកមែកសាខា បង្កើតផលផ្លែសម្រាប់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដ្បិតពួកគេជិតត្រឡប់មកវិញហើយ។
9. យើងបែរមករកអ្នករាល់គ្នា យើងកាន់ខាងអ្នករាល់គ្នា។ មានគេភ្ជួររាស់អ្នក និងសាបព្រោះឡើងវិញ។
10. យើងនឹងធ្វើឲ្យចំនួនមនុស្សនៅលើភ្នំនេះកើនឡើង គឺកូនចៅអ៊ីស្រាអែលទាំងមូល។ ក្រុងទាំងឡាយនឹងមានមនុស្សរស់នៅ ហើយកន្លែងបាក់បែកទាំងឡាយ ក៏នឹងត្រូវសង់ឡើងវិញដែរ។
11. យើងនឹងធ្វើឲ្យចំនួនមនុស្ស និងហ្វូងសត្វនៅលើភ្នំនេះកើនឡើង ហើយបង្កើតកូនពូនជាចៅ។ យើងនឹងធ្វើឲ្យប្រជាជនមានចំនួនច្រើន ដូចកាលពីមុន យើងនឹងឲ្យអ្នករាល់គ្នាបានចម្រុងចម្រើនលើសពីមុនទៅទៀត។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន។