19. យើងបានកំចាត់កំចាយពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងបំបែកពួកគេឲ្យទៅរស់នៅតាមស្រុកនានា។ យើងដាក់ទោសពួកគេតាមអំពើអាក្រក់ និងតាមមារយាទថោកទាបរបស់ខ្លួន។
20. ពេលទៅដល់ស្រុករបស់ប្រជាជាតិទាំងឡាយ ពួកគេបានបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់យើង ហើយម្ចាស់ស្រុកនិយាយអំពីពួកគេថា “ពួកនេះជាប្រជារាស្ត្ររបស់ព្រះអម្ចាស់ ពួកគេចាកចេញពីស្រុករបស់ព្រះអង្គមក”។
21. យើងចង់រក្សានាមដ៏វិសុទ្ធរបស់យើងដែលកូនចៅអ៊ីស្រាអែលបានបង្អាប់បង្អោននៅក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលពួកគេស្នាក់អាស្រ័យនៅជាមួយ។
22. ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា: ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ “ពូជពង្សអ៊ីស្រាអែលអើយ! យើងធ្វើដូច្នេះមិនមែនដោយយល់ដល់អ្នករាល់គ្នា គឺយល់ដល់នាមដ៏វិសុទ្ធរបស់យើង ដែលអ្នករាល់គ្នាបានបង្អាប់បង្អោន ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលអ្នករាល់គ្នាអាស្រ័យនៅជាមួយ។
23. យើងនឹងសម្តែងបារមីឲ្យប្រជាជាតិនានាស្គាល់នាមដ៏វិសុទ្ធ*របស់យើង គឺនាមដែលអ្នករាល់គ្នាបានបង្អាប់បង្អោនក្នុងចំណោមប្រជាជាតិទាំងនោះ។ ពេលណាយើងសម្តែងភាពវិសុទ្ធរបស់យើងក្នុងចំណោមអ្នករាល់គ្នាឲ្យប្រជាជាតិទាំងនោះឃើញ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
24. យើងនឹងយកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីគ្រប់ស្រុកនាំត្រឡប់មកមាតុភូមិវិញ។
25. យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ* ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាជាប់ចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។
26. យើងនឹងប្រគល់ចិត្តគំនិតថ្មីឲ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឲ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរវិញ។
27. យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមច្បាប់ ហើយកាន់តាមវិន័យរបស់យើង។
28. អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា។
29. យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចផុតពីអំពើសៅហ្មងគ្រប់យ៉ាង យើងនឹងឲ្យអ្នករាល់គ្នាមានស្រូវយ៉ាងច្រើនបរិបូណ៌ គឺមិនឲ្យមានទុរ្ភិក្សទៀតទេ។
30. យើងនឹងធ្វើឲ្យដើមឈើ និងស្រែចម្ការបង្កើតផលផ្លែជាច្រើន ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះដោយទុរ្ភិក្ស និងត្រូវអាម៉ាស់នៅចំពោះមុខប្រជាជាតិនានា។