16. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
17. «កូនមនុស្សអើយ ពេលកូនចៅអ៊ីស្រាអែលរស់នៅលើទឹកដីរបស់ខ្លួននៅឡើយ ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយសារអំពើអាក្រក់ និងមារយាទថោកទាបរបស់ពួកគេ។ យើងចាត់ទុកមារយាទរបស់ពួកគេថា មិនបរិសុទ្ធ ដូចស្ត្រីក្នុងគ្រាមានសៅហ្មងដែរ។
18. ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយការបង្ហូរឈាម និងការថ្វាយបង្គំព្រះក្លែងក្លាយ ហេតុនេះហើយបានជាយើងជះកំហឹងរបស់យើងទៅលើពួកគេ។
19. យើងបានកំចាត់កំចាយពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងបំបែកពួកគេឲ្យទៅរស់នៅតាមស្រុកនានា។ យើងដាក់ទោសពួកគេតាមអំពើអាក្រក់ និងតាមមារយាទថោកទាបរបស់ខ្លួន។
20. ពេលទៅដល់ស្រុករបស់ប្រជាជាតិទាំងឡាយ ពួកគេបានបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់យើង ហើយម្ចាស់ស្រុកនិយាយអំពីពួកគេថា “ពួកនេះជាប្រជារាស្ត្ររបស់ព្រះអម្ចាស់ ពួកគេចាកចេញពីស្រុករបស់ព្រះអង្គមក”។
21. យើងចង់រក្សានាមដ៏វិសុទ្ធរបស់យើងដែលកូនចៅអ៊ីស្រាអែលបានបង្អាប់បង្អោននៅក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលពួកគេស្នាក់អាស្រ័យនៅជាមួយ។
22. ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា: ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ “ពូជពង្សអ៊ីស្រាអែលអើយ! យើងធ្វើដូច្នេះមិនមែនដោយយល់ដល់អ្នករាល់គ្នា គឺយល់ដល់នាមដ៏វិសុទ្ធរបស់យើង ដែលអ្នករាល់គ្នាបានបង្អាប់បង្អោន ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលអ្នករាល់គ្នាអាស្រ័យនៅជាមួយ។