11. យើងនឹងធ្វើឲ្យចំនួនមនុស្ស និងហ្វូងសត្វនៅលើភ្នំនេះកើនឡើង ហើយបង្កើតកូនពូនជាចៅ។ យើងនឹងធ្វើឲ្យប្រជាជនមានចំនួនច្រើន ដូចកាលពីមុន យើងនឹងឲ្យអ្នករាល់គ្នាបានចម្រុងចម្រើនលើសពីមុនទៅទៀត។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន។
12. អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងអើយ យើងនឹងនាំអ្នករាល់គ្នាឲ្យដើរនៅលើភ្នំនេះវិញ។ អ្នករាល់គ្នានឹងយកទឹកដីនេះធ្វើជាកម្មសិទ្ធិ និងជាកេរមត៌ក ទឹកដីនេះនឹងលែងធ្វើឲ្យអ្នករាល់គ្នាបាត់បង់កូនចៅទៀតហើយ»។
13. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «គេតែងពោលថា “ស្រុកនេះបំផ្លាញជីវិតមនុស្សស្រុកនេះធ្វើឲ្យប្រជាជាតិរបស់ខ្លួនបាត់បង់កូនចៅ”។
14. ប៉ុន្តែ ពីពេលនេះទៅមុខ អ្នកលែងបំផ្លាញជីវិតមនុស្ស អ្នកលែងធ្វើឲ្យប្រជាជាតិរបស់អ្នកបាត់បង់កូនចៅទៀតហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
15. យើងនឹងលែងឲ្យប្រជាជាតិនានាប្រមាថមាក់ងាយអ្នក ជាតិសាសន៍ដទៃនឹងលែងធ្វើឲ្យអ្នកអាម៉ាស់មុខ អ្នកនឹងលែងធ្វើឲ្យប្រជាជាតិរបស់អ្នកវិនាសទៀតដែរ»។
16. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
17. «កូនមនុស្សអើយ ពេលកូនចៅអ៊ីស្រាអែលរស់នៅលើទឹកដីរបស់ខ្លួននៅឡើយ ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយសារអំពើអាក្រក់ និងមារយាទថោកទាបរបស់ពួកគេ។ យើងចាត់ទុកមារយាទរបស់ពួកគេថា មិនបរិសុទ្ធ ដូចស្ត្រីក្នុងគ្រាមានសៅហ្មងដែរ។
18. ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយការបង្ហូរឈាម និងការថ្វាយបង្គំព្រះក្លែងក្លាយ ហេតុនេះហើយបានជាយើងជះកំហឹងរបស់យើងទៅលើពួកគេ។
19. យើងបានកំចាត់កំចាយពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងបំបែកពួកគេឲ្យទៅរស់នៅតាមស្រុកនានា។ យើងដាក់ទោសពួកគេតាមអំពើអាក្រក់ និងតាមមារយាទថោកទាបរបស់ខ្លួន។
20. ពេលទៅដល់ស្រុករបស់ប្រជាជាតិទាំងឡាយ ពួកគេបានបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់យើង ហើយម្ចាស់ស្រុកនិយាយអំពីពួកគេថា “ពួកនេះជាប្រជារាស្ត្ររបស់ព្រះអម្ចាស់ ពួកគេចាកចេញពីស្រុករបស់ព្រះអង្គមក”។
21. យើងចង់រក្សានាមដ៏វិសុទ្ធរបស់យើងដែលកូនចៅអ៊ីស្រាអែលបានបង្អាប់បង្អោននៅក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលពួកគេស្នាក់អាស្រ័យនៅជាមួយ។