1. កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីភ្នំទាំងឡាយ នៅស្រុកអ៊ីស្រាអែលដូចតទៅ:ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
2. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានចំអកឲ្យអ្នក គេពោលថា “ភ្នំដ៏ស្ថិតស្ថេរអស់កល្បជានិច្ចនេះបានមកជាកម្មសិទ្ធិរបស់យើងហើយ!”។
3. ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានបំផ្លាញ និងត្របាក់លេបអ្នករាល់គ្នាពីគ្រប់ទិសទី អ្នករាល់គ្នាក្លាយទៅជាកម្មសិទ្ធិរបស់ប្រជាជាតិនានា ពួកគេយករឿងអ្នកទៅនិយាយលេងសើចជាមួយគ្នា។
4. ហេតុនេះ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ភ្នំតូចភ្នំធំ ជ្រលងដងអូរ ហើយក្រុងដែលនៅសល់តែគំនរបាក់បែក និងក្រុងដែលគេបោះបង់ចោលអើយ ប្រជាជាតិនានានៅជុំវិញនាំគ្នាប្លន់កម្ទេច និងចំអកឡកឡឺយឲ្យអ្នក។
5. ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដោយយើងស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំងបំផុតនោះ យើងនិយាយប្រឆាំងនឹងប្រជាជាតិឯទៀតៗ ជាពិសេសប្រឆាំងនឹងស្រុកអេដុមទាំងមូល ព្រោះពួកគេបានចាប់យកទឹកដីយើងទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ពួកគេសប្បាយចិត្តរឹបអូស និងបំផ្លាញស្រុកនេះឥតត្រាប្រណីឡើយ។
6. ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីទឹកដីអ៊ីស្រាអែល! ចូរប្រាប់ភ្នំតូច ភ្នំធំ និងជ្រលងដងអូរថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនិយាយដោយចិត្តស្រឡាញ់ដ៏លើសលប់ចំពោះអ្នក ហើយដោយកំហឹងដ៏ខ្លាំងដែរ ព្រោះប្រជាជាតិនានាបានធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់។
7. ហេតុនេះ យើងជាព្រះជាអម្ចាស់ យើងលើកដៃសន្យាយ៉ាងឱឡារិកថា ប្រជាជាតិដែលនៅជុំវិញអ្នករាល់គ្នា មុខជាទទួលយកការអាម៉ាស់នោះមិនខាន!
8. រីឯភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ដើមឈើរបស់អ្នករាល់គ្នានឹងបែកមែកសាខា បង្កើតផលផ្លែសម្រាប់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដ្បិតពួកគេជិតត្រឡប់មកវិញហើយ។
9. យើងបែរមករកអ្នករាល់គ្នា យើងកាន់ខាងអ្នករាល់គ្នា។ មានគេភ្ជួររាស់អ្នក និងសាបព្រោះឡើងវិញ។