3. ចូរពោលទៅគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ភ្នំសៀរអើយ យើងប្រឆាំងនឹងអ្នកហើយ យើងដាក់ទោសអ្នក ធ្វើឲ្យអ្នកក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ។
4. យើងនឹងកម្ទេចក្រុងទាំងឡាយរបស់អ្នក អ្នកនឹងក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
5. ដោយអ្នកចេះតែចាត់ទុកអ៊ីស្រាអែលថាជាសត្រូវសួរពូជ ហើយបង្ហូរឈាមពួកគេដោយមុខដាវ ក្នុងពេលពួកគេត្រូវអន្តរាយ និងពេលដែលអំពើបាបរបស់ពួកគេកើនដល់កម្រិតនោះ
6. យើងជាព្រះដ៏មានជីវិតគង់នៅ! យើងនឹងបង្ហូរឈាមអ្នក ហើយឈាមនឹងតាមអ្នកជាប់ជានិច្ច។ ដោយអ្នកចូលចិត្តបង្ហូរឈាម ឈាមនឹងតាមអ្នកជាប់ជានិច្ច - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
7. យើងនឹងធ្វើឲ្យភ្នំសៀរក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ លែងឲ្យមាននរណាធ្វើដំណើរទៅមកកាត់តាមនោះទៀតហើយ។
8. យើងនឹងរាយសាកសពពាសពេញភ្នំ។ អស់អ្នកដែលស្លាប់ដោយមុខដាវនឹងស្ថិតនៅពាសពេញភ្នំ តាមជ្រលងភ្នំ និងតាមជ្រោះទាំងប៉ុន្មាន។
9. យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាទីស្ងាត់ជ្រងំរហូតតទៅ គ្មាននរណារស់នៅក្នុងក្រុងរបស់អ្នកទៀតទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
10. អ្នកបានពោលថា “ប្រជាជាតិទាំងពីរ និងស្រុកទាំងពីរនេះនឹងទៅជាកម្មសិទ្ធិរបស់ខ្ញុំ ដូច្នេះ ពួកយើងត្រូវទៅចាប់យក!”។ ប៉ុន្តែ ព្រះអម្ចាស់គង់នៅក្នុងស្រុកនោះ។
11. យើងជាព្រះដ៏មានជីវិតគង់នៅ! យើងដាក់ទោសអ្នកតាមកំហឹង ចិត្តច្រណែន និងចិត្តស្អប់ ដែលអ្នកសម្តែងចំពោះពួកគេ។ នៅពេលយើងវិនិច្ឆ័យទោសអ្នក យើងនឹងសម្តែងឲ្យពួកគេស្គាល់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។