អេសេ‌គាល 34:2-14 Khmer Standard Version (KHSV)

2. «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​អ៊ីស្រា‌អែល​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​អ្នក​ដឹក​នាំ​ទាំង​នោះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ដឹក​នាំ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ធម្មតា ពួក​គង្វាល​តែង​តែ​មើល​ថែ‌រក្សា​ហ្វូង​ចៀម

3. រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​បាន​មើល​ថែ​ទាំ​ហ្វូង​ចៀម​ទេ អ្នក​រាល់​គ្នា​គិត​តែ​ពី​យក​ទឹក​ដោះ​មក​ផឹក កាត់​រោម​ចៀម​មក​ធ្វើ​ជា​សម្លៀក‌បំពាក់ ហើយ​សម្លាប់​ចៀម​ធាត់ៗ​ធ្វើ​ជា​អាហារ។

4. អ្នក​រាល់​គ្នា​ពុំ​បាន​ជួយ​ចៀម​ដែល​ខ្សោយ​ឲ្យ​មាន​កម្លាំង អ្នក​រាល់​គ្នា​ពុំ​បាន​ព្យាបាល​ចៀម​ឈឺ ឬ​រុំ​របួស​ឲ្យ​ចៀម​របួស​ទេ។ អ្នក​រាល់​គ្នា​ពុំ​បាន​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ ហើយ​ក៏​មិន​ដើរ​រក​ចៀម​ដែល​បាត់​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បែរ​ជា​ប្រើ​អំណាច​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។

5. ចៀម​ទាំង​នោះ​ត្រូវ​ខ្ចាត់‌ខ្ចាយ រត់​បែក‌ខ្ញែក​គ្នា ហើយ​ត្រូវ​សត្វ​សាហាវ​ដេញ​ចាប់​ស៊ី ព្រោះ​គ្មាន​នរណា​ឃ្វាល។

6. ហ្វូង​ចៀម​របស់​យើង​វង្វេង​ទៅ​គ្រប់​ទី​កន្លែង តាម​ភ្នំ​តូច ភ្នំ​ធំ បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក តែ​គ្មាន​នរណា​រវី‌រវល់​ថែ​ទាំ គ្មាន​នរណា​ដើរ​រក​វា​ឡើយ»។

7. ហេតុ​នេះ អ្នក​ដឹក​នាំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

8. ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ហ្វូង​ចៀម​របស់​យើង​ត្រូវ​គេ​លួច​ប្លន់ ត្រូវ​សត្វ​ព្រៃ​ចាប់​ស៊ី ព្រោះ​តែ​គ្មាន​នរណា​ឃ្វាល រីឯ​ពួក​អ្នក​ដែល​យើង​ប្រើ​ឲ្យ​ឃ្វាល មិន​រវី‌រវល់​ដើរ​រក​ហ្វូង​ចៀម​របស់​យើង​ទេ គឺ​ពួក​គេ​គិត​តែ​ពី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ឥត​គិត​ឃ្វាល​ហ្វូង​ចៀម​ឡើយ»។

9. ហេតុ​នេះ អ្នក​ដឹក​នាំ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

10. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គង្វាល​ទាំង​នោះ យើង​នឹង​ដក​ហ្វូង​ចៀម​យើង​ចេញ​ពី​កណ្ដាប់​ដៃ​របស់​គេ​មក​វិញ។ យើង​នឹង​លែង​ឲ្យ​ពួក​គេ​ឃ្វាល​ហ្វូង​ចៀម​របស់​យើង ដើម្បី​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ហើយ យើង​នឹង​បេះ​ហ្វូង​ចៀម​របស់​យើង​ពី​មាត់​គេ លែង​ឲ្យ​គេ​ស៊ី​ដូច​មុន​ទៀត»។

11. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ហើយ​មើល​ថែ​ទាំ​វា​ដោយ​យើង​ផ្ទាល់។

12. យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ដូច​គង្វាល​តាម​រក​ហ្វូង​ចៀម​របស់​ខ្លួន​ដែល​បែក‌ខ្ញែក​ដែរ។ យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ នៅ​ថ្ងៃ​មេឃ​ងងឹត និង​ចុះ​អាប់។

13. យើង​នឹង​នាំ​ប្រជា‌ជន​របស់​យើង​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ស្រុក ឲ្យ​មក​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ យើង​នឹង​ឃ្វាល​ពួក​គេ​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល តាម​ជ្រលង​ដង​អូរ និង​គ្រប់​ទី​កន្លែង​ដែល​អាច​រស់​នៅ​បាន។

14. យើង​នឹង​ឃ្វាល​ចៀម​របស់​យើង​នៅ​កន្លែង​ដែល​សម្បូណ៌​ស្មៅ​ខៀវ​ខ្ចី ពួក​គេ​នឹង​ស្នាក់​អាស្រ័យ​នៅ​តាម​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល។ នៅ​ទី​នោះ​ពួក​គេ​នឹង​សម្រាក ហើយ​រក​ស៊ី​តាម​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី។

អេសេ‌គាល 34