អេសេ‌គាល 34:19-31 Khmer Standard Version (KHSV)

19. ចៀម​ឯ​ទៀតៗ​របស់​យើង​ស៊ី​ស្មៅ​ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ល្អក់!»។

20. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​វិនិច្ឆ័យ​រវាង​ចៀម​ធាត់ និង​ចៀម​ស្គម​ដោយ​ខ្លួន​យើង​ផ្ទាល់!

21. អ្នក​រាល់​គ្នា​យក​ស្មា និង​យក​ខ្លួន​ទៅ​បុក​ចៀម​ដែល​ខ្សោយ ហើយ​យក​ស្នែង​វ័ធ​ដេញ​ពួក​គេ​ចេញ​ទៅ​បាត់​អស់។

22. យើង​នឹង​សង្គ្រោះ​ចៀម​របស់​យើង ដើម្បី​កុំ​ឲ្យ​គេ​លួច​ប្លន់​ទៀត ហើយ​យើង​វិនិច្ឆ័យ​រវាង​ចៀម និង​ចៀម។

23. យើង​នឹង​ធ្វើ​ឲ្យ​មាន​គង្វាល​តែ​មួយ​គត់​ងើប​ឡើង ដើម្បី​មើល​ថែ​ទាំ​ពួក​គេ គឺ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​នឹង​ធ្វើ​ជា​គង្វាល​មើល​ថែ​ទាំ​ពួក​គេ។

24. រីឯ​យើង​ជា​ព្រះ‌អម្ចាស់​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​នៅ​ក្នុង​ចំណោម​ពួក​គេ។ នេះ​ជា​ពាក្យ​របស់​យើង​ជា​ព្រះ‌អម្ចាស់។

25. យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ពួក​គេ យើង​នឹង​កំចាត់​សត្វ​សាហាវ​ចេញ​ឲ្យ​អស់​ពី​ទឹក​ដី​នេះ។ ហ្វូង​ចៀម​របស់​យើង​នឹង​ស្នាក់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដេក​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ។

26. យើង​នឹង​ឲ្យ​ពរ​ពួក​គេ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ភ្នំ​របស់​យើង ហើយ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល ជា​ភ្លៀង​ដែល​នាំ​ពរ​មក​ជា​មួយ​ផង។

27. ដើម​ឈើ​នៅ​តាម​ចម្ការ​នឹង​បង្កើត​ផល​ផ្លែ ហើយ​ទឹក​ដី​នឹង​ផ្ដល់​ភោគ‌ផល។ ពួក​គេ​នឹង​រស់​យ៉ាង​សុខ‌សាន្ត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ ពេល​ណា​យើង​យក​នឹម​ចេញ​ពី​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ធ្វើ​ជា​ទាសករ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់។

28. ប្រជា‌ជាតិ​នានា​នឹង​លែង​បំផ្លិច‌បំផ្លាញ​ពួក​គេ​ទៀត​ហើយ សត្វ​ព្រៃ​ក៏​នឹង​លែង​ហែក​ពួក​គេ​ស៊ី​ទៀត​ដែរ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​នៅ​ក្នុង​ស្រុក ឥត​មាន​នរណា​បំភ័យ​ពួក​គេ​ឡើយ។

29. យើង​នឹង​ប្រគល់​ចម្ការ​ដែល​មាន​ជីជាតិ​ល្អ​បំផុត​ឲ្យ​ពួក​គេ ពួក​គេ​នឹង​លែង​ជួប​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក ហើយ​ក៏​លែង​ត្រូវ​អាម៉ាស់​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​នានា​ទៀត​ដែរ។

30. ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ហើយ​ពួក​គេ​គឺ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

31. អ្នក​រាល់​គ្នា​ជា​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​យើង​ថែ‌រក្សា ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

អេសេ‌គាល 34