14. យើងនឹងឃ្វាលចៀមរបស់យើងនៅកន្លែងដែលសម្បូណ៌ស្មៅខៀវខ្ចី ពួកគេនឹងស្នាក់អាស្រ័យនៅតាមភ្នំខ្ពស់ៗនៃស្រុកអ៊ីស្រាអែល។ នៅទីនោះពួកគេនឹងសម្រាក ហើយរកស៊ីតាមវាលស្មៅដ៏ខៀវខ្ចី។
15. យើងនឹងឃ្វាលហ្វូងចៀមរបស់យើង យើងនឹងឲ្យវាសម្រាក - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
16. យើងនឹងស្វែងរកចៀមដែលបាត់ យើងនឹងនាំចៀមវង្វេងឲ្យត្រឡប់មកវិញ យើងនឹងរុំរបួសឲ្យចៀមរបួស ហើយព្យាបាលចៀមឈឺឲ្យជាមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ៗ មានកម្លាំងមាំមួន យើងនឹងដកវាចេញ។ យើងនឹងឃ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។
17. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាជាចៀមរបស់យើងអើយ បន្តិចទៀតយើងវិនិច្ឆ័យរវាងចៀមនឹងចៀម រវាងចៀមឈ្មោលនឹងពពែឈ្មោល។
18. ហេតុអ្វីបានជាក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះមិនស្កប់ចិត្តនឹងរកស៊ីនៅកន្លែងរបស់ខ្លួនដែលសម្បូណ៌ស្មៅ តែបែរជាទៅជាន់ឈ្លីកន្លែងឯទៀតៗដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាមិនស្កប់ចិត្តនឹងផឹកទឹកថ្លា តែបែរជាយកជើងកូរទឹកឲ្យល្អក់ដូច្នេះ?
19. ចៀមឯទៀតៗរបស់យើងស៊ីស្មៅដែលអ្នករាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលអ្នករាល់គ្នាបានធ្វើឲ្យល្អក់!»។
20. ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិនិច្ឆ័យរវាងចៀមធាត់ និងចៀមស្គមដោយខ្លួនយើងផ្ទាល់!
21. អ្នករាល់គ្នាយកស្មា និងយកខ្លួនទៅបុកចៀមដែលខ្សោយ ហើយយកស្នែងវ័ធដេញពួកគេចេញទៅបាត់អស់។
22. យើងនឹងសង្គ្រោះចៀមរបស់យើង ដើម្បីកុំឲ្យគេលួចប្លន់ទៀត ហើយយើងវិនិច្ឆ័យរវាងចៀម និងចៀម។
23. យើងនឹងធ្វើឲ្យមានគង្វាលតែមួយគត់ងើបឡើង ដើម្បីមើលថែទាំពួកគេ គឺដាវីឌជាអ្នកបម្រើរបស់យើងនឹងធ្វើជាគង្វាលមើលថែទាំពួកគេ។
24. រីឯយើងជាព្រះអម្ចាស់យើងនឹងធ្វើជាព្រះរបស់ពួកគេ ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាមេដឹកនាំនៅក្នុងចំណោមពួកគេ។ នេះជាពាក្យរបស់យើងជាព្រះអម្ចាស់។
25. យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តដល់ពួកគេ យើងនឹងកំចាត់សត្វសាហាវចេញឲ្យអស់ពីទឹកដីនេះ។ ហ្វូងចៀមរបស់យើងនឹងស្នាក់នៅយ៉ាងសុខសាន្តក្នុងវាលរហោស្ថាន ហើយដេកយ៉ាងសុខស្រួលនៅក្នុងព្រៃ។
26. យើងនឹងឲ្យពរពួកគេ ព្រមទាំងស្រុកភូមិដែលនៅជុំវិញភ្នំរបស់យើង ហើយធ្វើឲ្យភ្លៀងធ្លាក់ចុះមកតាមរដូវកាល ជាភ្លៀងដែលនាំពរមកជាមួយផង។
27. ដើមឈើនៅតាមចម្ការនឹងបង្កើតផលផ្លែ ហើយទឹកដីនឹងផ្ដល់ភោគផល។ ពួកគេនឹងរស់យ៉ាងសុខសាន្តនៅលើទឹកដីរបស់ខ្លួន។ ពេលណាយើងយកនឹមចេញពីពួកគេ ហើយរំដោះពួកគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់អស់អ្នកដែលចាប់ពួកគេធ្វើជាទាសករ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។
28. ប្រជាជាតិនានានឹងលែងបំផ្លិចបំផ្លាញពួកគេទៀតហើយ សត្វព្រៃក៏នឹងលែងហែកពួកគេស៊ីទៀតដែរ ពួកគេនឹងរស់នៅយ៉ាងសុខសាន្តនៅក្នុងស្រុក ឥតមាននរណាបំភ័យពួកគេឡើយ។
29. យើងនឹងប្រគល់ចម្ការដែលមានជីជាតិល្អបំផុតឲ្យពួកគេ ពួកគេនឹងលែងជួបទុរ្ភិក្សនៅក្នុងស្រុក ហើយក៏លែងត្រូវអាម៉ាស់នៅចំពោះមុខប្រជាជាតិនានាទៀតដែរ។
30. ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងស្ថិតនៅជាមួយពួកគេ ហើយពួកគេគឺពូជពង្សអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។