12. យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួនដែលបែកខ្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅ នៅថ្ងៃមេឃងងឹត និងចុះអាប់។
13. យើងនឹងនាំប្រជាជនរបស់យើងចេញពីចំណោមជាតិសាសន៍នានា យើងនឹងប្រមូលពួកគេពីគ្រប់ស្រុក ឲ្យមករស់នៅលើទឹកដីរបស់ខ្លួនវិញ។ យើងនឹងឃ្វាលពួកគេនៅតាមតំបន់ភ្នំនៃស្រុកអ៊ីស្រាអែល តាមជ្រលងដងអូរ និងគ្រប់ទីកន្លែងដែលអាចរស់នៅបាន។
14. យើងនឹងឃ្វាលចៀមរបស់យើងនៅកន្លែងដែលសម្បូណ៌ស្មៅខៀវខ្ចី ពួកគេនឹងស្នាក់អាស្រ័យនៅតាមភ្នំខ្ពស់ៗនៃស្រុកអ៊ីស្រាអែល។ នៅទីនោះពួកគេនឹងសម្រាក ហើយរកស៊ីតាមវាលស្មៅដ៏ខៀវខ្ចី។
15. យើងនឹងឃ្វាលហ្វូងចៀមរបស់យើង យើងនឹងឲ្យវាសម្រាក - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
16. យើងនឹងស្វែងរកចៀមដែលបាត់ យើងនឹងនាំចៀមវង្វេងឲ្យត្រឡប់មកវិញ យើងនឹងរុំរបួសឲ្យចៀមរបួស ហើយព្យាបាលចៀមឈឺឲ្យជាមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ៗ មានកម្លាំងមាំមួន យើងនឹងដកវាចេញ។ យើងនឹងឃ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។
17. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាជាចៀមរបស់យើងអើយ បន្តិចទៀតយើងវិនិច្ឆ័យរវាងចៀមនឹងចៀម រវាងចៀមឈ្មោលនឹងពពែឈ្មោល។
18. ហេតុអ្វីបានជាក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះមិនស្កប់ចិត្តនឹងរកស៊ីនៅកន្លែងរបស់ខ្លួនដែលសម្បូណ៌ស្មៅ តែបែរជាទៅជាន់ឈ្លីកន្លែងឯទៀតៗដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាមិនស្កប់ចិត្តនឹងផឹកទឹកថ្លា តែបែរជាយកជើងកូរទឹកឲ្យល្អក់ដូច្នេះ?
19. ចៀមឯទៀតៗរបស់យើងស៊ីស្មៅដែលអ្នករាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលអ្នករាល់គ្នាបានធ្វើឲ្យល្អក់!»។
20. ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិនិច្ឆ័យរវាងចៀមធាត់ និងចៀមស្គមដោយខ្លួនយើងផ្ទាល់!
21. អ្នករាល់គ្នាយកស្មា និងយកខ្លួនទៅបុកចៀមដែលខ្សោយ ហើយយកស្នែងវ័ធដេញពួកគេចេញទៅបាត់អស់។
22. យើងនឹងសង្គ្រោះចៀមរបស់យើង ដើម្បីកុំឲ្យគេលួចប្លន់ទៀត ហើយយើងវិនិច្ឆ័យរវាងចៀម និងចៀម។