1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងអ្នកដឹកនាំអ៊ីស្រាអែលទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់អ្នកដឹកនាំទាំងនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកដឹកនាំអ៊ីស្រាអែលអើយ អ្នករាល់គ្នាត្រូវវេទនាហើយ ដ្បិតអ្នករាល់គ្នាគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ធម្មតា ពួកគង្វាលតែងតែមើលថែរក្សាហ្វូងចៀម
3. រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនបានមើលថែទាំហ្វូងចៀមទេ អ្នករាល់គ្នាគិតតែពីយកទឹកដោះមកផឹក កាត់រោមចៀមមកធ្វើជាសម្លៀកបំពាក់ ហើយសម្លាប់ចៀមធាត់ៗធ្វើជាអាហារ។
4. អ្នករាល់គ្នាពុំបានជួយចៀមដែលខ្សោយឲ្យមានកម្លាំង អ្នករាល់គ្នាពុំបានព្យាបាលចៀមឈឺ ឬរុំរបួសឲ្យចៀមរបួសទេ។ អ្នករាល់គ្នាពុំបាននាំចៀមវង្វេងឲ្យត្រឡប់មកវិញ ហើយក៏មិនដើររកចៀមដែលបាត់ដែរ។ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាប្រើអំណាចជិះជាន់សង្កត់សង្កិនពួកគេ។
5. ចៀមទាំងនោះត្រូវខ្ចាត់ខ្ចាយ រត់បែកខ្ញែកគ្នា ហើយត្រូវសត្វសាហាវដេញចាប់ស៊ី ព្រោះគ្មាននរណាឃ្វាល។
6. ហ្វូងចៀមរបស់យើងវង្វេងទៅគ្រប់ទីកន្លែង តាមភ្នំតូច ភ្នំធំ បែកខ្ញែកគ្នាពាសពេញស្រុក តែគ្មាននរណារវីរវល់ថែទាំ គ្មាននរណាដើររកវាឡើយ»។
7. ហេតុនេះ អ្នកដឹកនាំអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
8. ព្រះជាអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ មានព្រះបន្ទូលដូចតទៅ៖ «ហ្វូងចៀមរបស់យើងត្រូវគេលួចប្លន់ ត្រូវសត្វព្រៃចាប់ស៊ី ព្រោះតែគ្មាននរណាឃ្វាល រីឯពួកអ្នកដែលយើងប្រើឲ្យឃ្វាល មិនរវីរវល់ដើររកហ្វូងចៀមរបស់យើងទេ គឺពួកគេគិតតែពីរកប្រយោជន៍ផ្ទាល់ខ្លួន ឥតគិតឃ្វាលហ្វូងចៀមឡើយ»។
9. ហេតុនេះ អ្នកដឹកនាំអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
10. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសពួកគង្វាលទាំងនោះ យើងនឹងដកហ្វូងចៀមយើងចេញពីកណ្ដាប់ដៃរបស់គេមកវិញ។ យើងនឹងលែងឲ្យពួកគេឃ្វាលហ្វូងចៀមរបស់យើង ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនទៀតហើយ យើងនឹងបេះហ្វូងចៀមរបស់យើងពីមាត់គេ លែងឲ្យគេស៊ីដូចមុនទៀត»។
11. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ចាប់ពីពេលនេះតទៅ យើងនឹងតាមរកហ្វូងចៀមរបស់យើង ហើយមើលថែទាំវាដោយយើងផ្ទាល់។