21. នៅឆ្នាំទីដប់ពីរ ថ្ងៃទីប្រាំ ក្នុងខែទីពីរ ក្រោយពេលដែលគេកៀរពួកយើងមកជាឈ្លើយ មានម្នាក់ដែលរត់រួចពីក្រុងយេរូសាឡឹមមកជួបខ្ញុំ ប្រាប់ថា “សត្រូវវាយយកបានទីក្រុងហើយ!”។
22. មុនពេលអ្នកនោះមកដល់ នៅពេលល្ងាចព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ។ លុះព្រលឹមឡើង ពេលអ្នកនោះមកដល់ ព្រះអម្ចាស់បើកឲ្យខ្ញុំនិយាយឡើងវិញបាន។ ព្រះអង្គបើកមាត់ខ្ញុំឲ្យនិយាយស្ដី គឺខ្ញុំលែងគទៀតហើយ។
23. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
24. «កូនមនុស្សអើយ អស់អ្នកដែលរស់លើគំនរបាក់បែក ក្នុងទឹកដីអ៊ីស្រាអែល នាំគ្នាពោលថា: “កាលលោកអប្រាហាំនៅតែម្នាក់ឯង លោកកាន់កាប់ស្រុកនេះបានទៅហើយ ចុះចំណង់បើពួកយើងដែលមានគ្នាច្រើន តើពួកយើងទទួលស្រុកនេះមកកាន់កាប់មិនបានឬ!”។
25. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នករាល់គ្នាបរិភោគសាច់ដែលមានជាប់ឈាម អ្នករាល់គ្នាគោរពព្រះក្លែងក្លាយ ហើយបង្ហូរឈាមមនុស្ស តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ?
26. អ្នករាល់គ្នាពឹងផ្អែកលើអាវុធរបស់ខ្លួន ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ម្នាក់ៗប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធគេ តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ?
27. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ មានព្រះបន្ទូលដូចតទៅ: អ្នកដែលនៅសល់ក្នុងទីក្រុងបាក់បែក នឹងត្រូវស្លាប់ដោយមុខដាវ រីឯអ្នករស់នៅតាមស្រុកស្រែ យើងនឹងប្រគល់គេទៅឲ្យសត្វសាហាវធ្វើជាអាហារ ហើយអ្នកដែលពួននៅតាមភ្នំ និងតាមក្រហែងថ្ម នឹងត្រូវស្លាប់ដោយជំងឺរាតត្បាត។
28. យើងនឹងធ្វើឲ្យស្រុកនោះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ អំណាចអួតអាងរបស់ពួកគេនឹងរលាយសូន្យ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលក្លាយទៅជាទីស្ងាត់ជ្រងំ គ្មាននរណាដើរកាត់តាមនោះឡើយ។