19. ប្រសិនបើមនុស្សអាក្រក់លះបង់ចោលអំពើអាក្រក់ បែរមកប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ គេមុខជារស់ ព្រោះតែធ្វើដូច្នេះ។
20. អ្នករាល់គ្នាតែងពោលថា “ព្រះអម្ចាស់ ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ”។ ពូជពង្សអ៊ីស្រាអែលអើយ យើងនឹងវិនិច្ឆ័យអ្នករាល់គ្នា តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត!»។
21. នៅឆ្នាំទីដប់ពីរ ថ្ងៃទីប្រាំ ក្នុងខែទីពីរ ក្រោយពេលដែលគេកៀរពួកយើងមកជាឈ្លើយ មានម្នាក់ដែលរត់រួចពីក្រុងយេរូសាឡឹមមកជួបខ្ញុំ ប្រាប់ថា “សត្រូវវាយយកបានទីក្រុងហើយ!”។
22. មុនពេលអ្នកនោះមកដល់ នៅពេលល្ងាចព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ។ លុះព្រលឹមឡើង ពេលអ្នកនោះមកដល់ ព្រះអម្ចាស់បើកឲ្យខ្ញុំនិយាយឡើងវិញបាន។ ព្រះអង្គបើកមាត់ខ្ញុំឲ្យនិយាយស្ដី គឺខ្ញុំលែងគទៀតហើយ។
23. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
24. «កូនមនុស្សអើយ អស់អ្នកដែលរស់លើគំនរបាក់បែក ក្នុងទឹកដីអ៊ីស្រាអែល នាំគ្នាពោលថា: “កាលលោកអប្រាហាំនៅតែម្នាក់ឯង លោកកាន់កាប់ស្រុកនេះបានទៅហើយ ចុះចំណង់បើពួកយើងដែលមានគ្នាច្រើន តើពួកយើងទទួលស្រុកនេះមកកាន់កាប់មិនបានឬ!”។
25. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នករាល់គ្នាបរិភោគសាច់ដែលមានជាប់ឈាម អ្នករាល់គ្នាគោរពព្រះក្លែងក្លាយ ហើយបង្ហូរឈាមមនុស្ស តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ?
26. អ្នករាល់គ្នាពឹងផ្អែកលើអាវុធរបស់ខ្លួន ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ម្នាក់ៗប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធគេ តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ?
27. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ មានព្រះបន្ទូលដូចតទៅ: អ្នកដែលនៅសល់ក្នុងទីក្រុងបាក់បែក នឹងត្រូវស្លាប់ដោយមុខដាវ រីឯអ្នករស់នៅតាមស្រុកស្រែ យើងនឹងប្រគល់គេទៅឲ្យសត្វសាហាវធ្វើជាអាហារ ហើយអ្នកដែលពួននៅតាមភ្នំ និងតាមក្រហែងថ្ម នឹងត្រូវស្លាប់ដោយជំងឺរាតត្បាត។
28. យើងនឹងធ្វើឲ្យស្រុកនោះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ អំណាចអួតអាងរបស់ពួកគេនឹងរលាយសូន្យ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលក្លាយទៅជាទីស្ងាត់ជ្រងំ គ្មាននរណាដើរកាត់តាមនោះឡើយ។
29. ពេលណាយើងធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលពួកគេបានប្រព្រឹត្ត ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
30. កូនមនុស្សអើយ ប្រជាជនរបស់អ្នកនាំគ្នានិយាយពីអ្នកនៅតាមកំពែងក្រុង និងតាមមាត់ទ្វារផ្ទះ ពួកគេបបួលគ្នាថា “មក! យើងទៅស្ដាប់សេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល”។
31. ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។