អេសេ‌គាល 33:1-12 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ប្រាប់​ប្រជា‌ជន​របស់​អ្នក​ថា ពេល​យើង​នាំ​សង្គ្រាម​មក​ប្រហារ​ស្រុក​ណា​មួយ ប្រជា‌ជន​នៅ​ស្រុក​នោះ​ជ្រើស​រើស​យក​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត។

3. ពេល​ណា​អ្នក​យាម​ឃើញ​កង‌ទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក គាត់​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​ឲ្យ​ប្រជា‌ជន​ដឹង

4. ប្រសិន​បើ​នរណា​ម្នាក់​ឮ​សំឡេង​ស្នែង តែ​មិន​អើពើ បើ​គេ​ស្លាប់​ដោយ​មុខ​ដាវ នោះ​គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

5. គេ​បាត់​បង់​ជីវិត ព្រោះ​តែ​កំហុស​របស់​ខ្លួន ដ្បិត​គេ​បាន​ឮ​សំឡេង​ស្នែង តែ​មិន​អើពើ។ រីឯ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ប្រកាស នឹង​បាន​រួច​ជីវិត។

6. ប្រសិន​បើ​អ្នក​យាម​ឃើញ​កង‌ទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក តែ​មិន​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​ឲ្យ​ប្រជា‌ជន​ដឹង​ទេ បើ​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ប៉ុន្តែ យើង​នឹង​ឲ្យ​អ្នក​យាម​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។

7. ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ ចូរ​ស្ដាប់​ពាក្យ​ដែល​យើង​និយាយ ហើយ​យក​ទៅ​ប្រកាស​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។

8. ពេល​ណា​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “នែ៎ មនុស្ស​អាក្រក់ អ្នក​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​មនុស្ស​អាក្រក់​នោះ​ឲ្យ​លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​ទេ មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ក៏​ប៉ុន្តែ យើង​នឹង​ឲ្យ​អ្នក​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។

9. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ប្រាប់​មនុស្ស​អាក្រក់​ឲ្យ​លះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន តែ​គេ​មិន​ព្រម​លះ‌បង់​ទេ​នោះ គេ​ពិត​ជា​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​គេ​ពុំ‌ខាន រីឯ​អ្នក​វិញ អ្នក​នឹង​រួច​ជីវិត។

10. កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​តែង​ពោល​ថា “អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ​សង្កត់​លើ​យើង​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​កាន់​តែ​រីង‌រៃ​ទៅៗ តើ​ធ្វើ​ម្ដេច​ឲ្យ​យើង​ខ្ញុំ​អាច​រស់​រាន​មាន​ជីវិត​បាន?”

11. ចូរ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ តែ​យើង​ចង់​ឃើញ​គេ​កែ​ប្រែ​កិរិយា‌មារយាទ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ចូរ​លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​ទៅ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

12. កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​របស់​អ្នក​ថា: នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​មួយ អំពើ​សុចរិត​ដែល​គេ​ធ្លាប់​ធ្វើ​កាល​ពី​មុន ពុំ​អាច​សង្គ្រោះ​គេ​ឡើយ។ ហេតុ​នេះ នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​បាប គេ​ពុំ​អាច​រស់ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន​ឡើយ។ រីឯ​មនុស្ស​អាក្រក់​វិញ នៅ​ថ្ងៃ​ដែល​គេ​លះ‌បង់​ចោល​អំពើ​អាក្រក់ នោះ​គេ​នឹង​មិន​ទទួល​ទោស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាល​ពី​មុន​នោះ​ឡើយ។

អេសេ‌គាល 33