អេសេ‌គាល 32:3-12 Khmer Standard Version (KHSV)

3. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ជាតិ​សាសន៍​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា ពេល​នោះ យើង​នឹង​បោះ​សំណាញ់​របស់​យើង​ទៅ​លើ​អ្នក ពួក​គេ​នឹង​អូស​អ្នក ដែល​ជាប់​ក្នុង​សំណាញ់ ឡើង​មក​លើ​គោក។

4. យើង​នឹង​បោះ​អ្នក​ទៅ​លើ​ដី ឲ្យ​នៅ​កណ្ដាល​វាល យើង​នឹង​ឲ្យ​ត្មាត​មក​ចោម‌រោម​អ្នក ហើយ​ឲ្យ​សត្វ​សាហាវ​ទាំង​អស់​នៅ​លើ​ផែនដី​ស៊ី​អ្នក។

5. យើង​នឹង​យក​សាច់​អ្នក​ទៅ​ដាក់​នៅ​លើ​ភ្នំ ហើយ​យក​ឆ្អឹង​របស់​អ្នក​ទៅ​ចោល​ពាស‌ពេញ​ជ្រលង​ភ្នំ។

6. យើង​នឹង​យក​ឈាម​អ្នក​ទៅ​ស្រោច​លើ​ដី លើ​ភ្នំ និង​តាម​ដង​ទន្លេ។

7. នៅ​ពេល​អ្នក​ផុត​ដង្ហើម យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ស្រអាប់ ឲ្យ​ផ្កាយ​ប្រែ​ជា​ងងឹត យើង​នឹង​ឲ្យ​ពពក​បាំង​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ឲ្យ​ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត។

8. ព្រោះ​តែ​អ្នក​ស្លាប់ យើង​នឹង​ធ្វើ​ឲ្យ​ពន្លឺ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​អាប់​រស្មី ភាព​ងងឹត​គ្រប​ដណ្ដប់​លើ​ស្រុក​អ្នក​ទាំង​មូល។

9. ពេល​ណា​យើង​នាំ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក ទៅ​ប្រាប់​ប្រជា‌ជាតិ​នានា នៅ​ក្នុង​ស្រុក​ដែល​អ្នក​ពុំ​ស្គាល់ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រំជួល​ចិត្ត។

10. យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​តក់‌ស្លុត ព្រោះ​តែ​អ្នក​ស្លាប់។ នៅ​ពេល​ដែល​យើង​គ្រវី​ដាវ​ពី​មុខ​ពួក​គេ ស្ដេច​របស់​ពួក​គេ​នឹង​ញ័រ‌រន្ធត់។ នៅ​ថ្ងៃ​ដែល​អ្នក​រលំ ពួក​គេ​ចេះ​តែ​ភ័យ​ញាប់‌ញ័រ ដោយ​គិត​ដល់​អាយុ​ជីវិត​របស់​ខ្លួន។

11. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដាវ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​ប្រហារ​អ្នក។

12. យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​ដ៏​ច្រើន​របស់​អ្នក​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង ដែល​សាហាវ​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ ពួក​គេ​នឹង​បំបាក់​អំនួត​របស់​ស្រុក​អេស៊ីប ហើយ​ប្រជា‌ជន​ដ៏​ច្រើន​របស់​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស។

អេសេ‌គាល 32