អេសេ‌គាល 32:25-32 Khmer Standard Version (KHSV)

25. ស្ដេច​ស្រុក​អេឡាំ និង​ពល​ទាហាន ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ឯ​ទៀតៗ​ដែល​ស្លាប់ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ទោះ​បី​ពួក​ទមិឡ​ទាំង​នោះ​ធ្លាប់​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ក៏​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា។ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់។

26. ស្ដេច​ស្រុក​ម៉េសេក និង​ស្រុក​ទូបាល ព្រម​ទាំង​ពល​ទាហាន​របស់​គេ​ក៏​នៅ​ទី​នោះ​ដែរ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ពួក​ទមិឡ​ទាំង​នោះ​សុទ្ធ​តែ​ស្លាប់​ដោយ​មុខ​ដាវ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ។

27. ពួក​គេ​មិន​ស្ថិត​នៅ​ជា​មួយ​ពួក​វីរ‌បុរស​ពី​ជំនាន់​ដើម​ទេ ដ្បិត​ពួក​គេ​ជា​មនុស្ស​ទមិឡ។ ពួក​គេ​ចុះ​ទៅ​ស្ថាន​មច្ចុរាជ ដោយ​មាន​ទាំង​គ្រឿង​សស្ត្រា‌វុធ​ទៅ​ជា​មួយ​ផង ដាវ​របស់​គេ​ស្ថិត​នៅ​ពី​ក្រោម​ក្បាល​ដំណេក បាប​របស់​ពួក​គេ​ស្ថិត​នៅ​ជាប់​ជា​មួយ​ឆ្អឹង​របស់​ខ្លួន ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ។

28. ផារ៉ោន​អើយ អ្នក​ត្រូវ​គេ​សម្លាប់​ក្នុង​ចំណោម​ពួក​ទមិឡ អ្នក​ក៏​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ!

29. ជន‌ជាតិ​អេដុម ទាំង​ស្ដេច ទាំង​មេ​ដឹក​នាំ ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ជា​អ្នក​ចំបាំង​ដ៏​ពូកែ​ក្ដី ក៏​ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ពួក​ទមិឡ និង​ជា​មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ។

30. មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​ជើង និង​អ្នក​ស្រុក​ស៊ីដូន​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ធ្លាប់​ជា​អ្នក​ចំបាំង​ដ៏​ពូកែ ហើយ​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ពួក​គេ​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់ ទាំង​អាម៉ាស់។ ពួក​ទមិឡ​ទាំង​នោះ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។

31. ពេល​ផារ៉ោន​ឃើញ​អ្នក​ទាំង​នេះ គាត់​នឹង​បាន​ធូរ​ស្បើយ​ចំពោះ​ការ​បាត់​បង់​ពល​ទ័ព​របស់​ខ្លួន គឺ​ពល​ទាហាន​អេស៊ីប​ទាំង​មូល ដែល​ស្លាប់​ដោយ​មុខ​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

32. «យើង​បណ្ដោយ​ឲ្យ​ផារ៉ោន​សាប​ព្រោះ​ការ​ភ័យ​ញ័រ​ក្នុង​ពិភព​លោក​ទាំង​មូល តែ​ក្រោយ​មក គេ​នឹង​បញ្ចុះ​សព​ផារ៉ោន ព្រម​ទាំង​កង‌ពល​ក្នុង​ចំណោម​ពួក​ទមិឡ និង​អស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​មុខ​ដាវ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

អេសេ‌គាល 32