អេសេ‌គាល 32:18-26 Khmer Standard Version (KHSV)

18. កូន​មនុស្ស​អើយ ចូរ​យំ​សោក​ស្រណោះ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​នៅ​ស្រុក​អេស៊ីប​ទៅ! ចូរ​ឲ្យ​បទ​ទំនួញ​នេះ​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​ទី​ជម្រៅ រួម​ជា​មួយ​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ​ឯ​ទៀតៗ គឺ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​រណ្ដៅ!

19. ចូរ​ពោល​ទៅ​ពួក​គេ​ថា “តើ​អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា គួរ​ឲ្យ​យើង​ប្រណី​អ្នក​រាល់​គ្នា​ជាង​អ្នក​ដទៃ​ឬ? ចូរ​ធ្លាក់​រណ្ដៅ​ជា​មួយ​ពួក​ទមិឡ

20. ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ!”។ ឥឡូវ​នេះ ដាវ​ហូត​ចេញ​ពី​ស្រោម​ហើយ ចូរ​ប្រហារ​ស្រុក​អេស៊ីប និង​ប្រជា‌ជន​ដ៏​ច្រើន​នៃ​ស្រុក​នេះ​ឲ្យ​វិនាស​ទៅ!

21. នៅ​ស្ថាន​មច្ចុរាជ ពួក​អ្នក​ចំបាំង​ដ៏​អង់‌អាច និង​សម្ពន្ធ‌មិត្ត​របស់​ស្រុក​អេស៊ីប​កាល​ពី​មុន នឹង​ពោល​ថា “ពួក​ទមិឡ​ទាំង​នេះ​ដែល​ត្រូវ​គេ​ចាក់​ដោយ​មុខ​ដាវ ក៏​ចុះ​មក​នៅ​ជា​មួយ​ពួក​យើង​ដែរ​ហ្ន៎!”។

22. ស្ដេច​ស្រុក​អាស្ស៊ីរី និង​កង‌ទ័ព​ទាំង​មូល​ដែល​ស្លាប់​ដោយ​មុខ​ដាវ ក៏​នៅ​ទី​នោះ​ទាំង​អស់​គ្នា​ដែរ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។

23. ផ្នូរ​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ពួក​អ្នក​ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ បែរ​ជា​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ដែរ។

24. ស្ដេច​ស្រុក​អេឡាំ និង​កង‌ពល​ទាំង​មូល ត្រូវ​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ពួក​ទមិឡ​ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ​បាន​ធ្លាក់​ទៅ​ក្នុង​ទី​ជម្រៅ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។

25. ស្ដេច​ស្រុក​អេឡាំ និង​ពល​ទាហាន ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ឯ​ទៀតៗ​ដែល​ស្លាប់ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ទោះ​បី​ពួក​ទមិឡ​ទាំង​នោះ​ធ្លាប់​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ក៏​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា។ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់។

26. ស្ដេច​ស្រុក​ម៉េសេក និង​ស្រុក​ទូបាល ព្រម​ទាំង​ពល​ទាហាន​របស់​គេ​ក៏​នៅ​ទី​នោះ​ដែរ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ពួក​ទមិឡ​ទាំង​នោះ​សុទ្ធ​តែ​ស្លាប់​ដោយ​មុខ​ដាវ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ។

អេសេ‌គាល 32