1. នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «ចូរស្មូត្រទំនួញមួយបទអំពីផារ៉ោន ជាស្ដេចស្រុកអេស៊ីប! ចូរពោលថា:អ្នកប្រៀបបាននឹងកូនសិង្ហដែលស្ថិតនៅក្នុងចំណោមប្រជាជាតិទាំងឡាយអ្នកប្រៀបដូចជាក្រពើសមុទ្រដ៏ធំសំបើមអ្នកហែលនៅតាមទន្លេជើងរបស់អ្នកកាយទឹកធ្វើឲ្យកក្រើក ហើយល្អក់។
3. ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ជាតិសាសន៍ជាច្រើនប្រមូលផ្ដុំគ្នា ពេលនោះ យើងនឹងបោះសំណាញ់របស់យើងទៅលើអ្នក ពួកគេនឹងអូសអ្នក ដែលជាប់ក្នុងសំណាញ់ ឡើងមកលើគោក។
4. យើងនឹងបោះអ្នកទៅលើដី ឲ្យនៅកណ្ដាលវាល យើងនឹងឲ្យត្មាតមកចោមរោមអ្នក ហើយឲ្យសត្វសាហាវទាំងអស់នៅលើផែនដីស៊ីអ្នក។
5. យើងនឹងយកសាច់អ្នកទៅដាក់នៅលើភ្នំ ហើយយកឆ្អឹងរបស់អ្នកទៅចោលពាសពេញជ្រលងភ្នំ។
6. យើងនឹងយកឈាមអ្នកទៅស្រោចលើដី លើភ្នំ និងតាមដងទន្លេ។
7. នៅពេលអ្នកផុតដង្ហើម យើងនឹងធ្វើឲ្យផ្ទៃមេឃស្រអាប់ ឲ្យផ្កាយប្រែជាងងឹត យើងនឹងឲ្យពពកបាំងពន្លឺព្រះអាទិត្យ ហើយឲ្យព្រះច័ន្ទលែងមានពន្លឺទៀត។
8. ព្រោះតែអ្នកស្លាប់ យើងនឹងធ្វើឲ្យពន្លឺទាំងប៉ុន្មាននៅលើមេឃអាប់រស្មី ភាពងងឹតគ្របដណ្ដប់លើស្រុកអ្នកទាំងមូល។
9. ពេលណាយើងនាំដំណឹងអំពីមហន្តរាយរបស់អ្នក ទៅប្រាប់ប្រជាជាតិនានា នៅក្នុងស្រុកដែលអ្នកពុំស្គាល់ យើងនឹងធ្វើឲ្យពួកគេរំជួលចិត្ត។