5. ដើមតាត្រៅនោះលូតឡើងខ្ពស់លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃបែកមែកសាខា ហើយលាតសន្ធឹងព្រោះឫសវាសម្បូណ៌ទឹក។
6. បក្សាបក្សីនាំគ្នាមកធ្វើសំបុកនៅតាមមែករបស់វារីឯសត្វព្រៃទាំងប៉ុន្មានក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វាហើយប្រជាជាតិទាំងអស់ក៏ជ្រកក្រោមម្លប់របស់វាដែរ។
7. ដើមតាត្រៅនោះល្អណាស់ព្រោះវាខ្ពស់មានមែកលាតសន្ធឹងយ៉ាងវែងហើយឫសរបស់វាចាក់ទៅរកកន្លែងសម្បូណ៌ទឹក។
8. ដើមតាត្រៅនៅក្នុងឧទ្យានរបស់ព្រះជាម្ចាស់មិនអាចប្រៀបផ្ទឹមនឹងវាបានទេរីឯដើមគគីរ ឬដើមកកោះក៏មិនអាចផ្ទឹមស្មើនឹងវាដែរគ្មានដើមឈើណាក្នុងឧទ្យានរបស់ព្រះជាម្ចាស់ល្អដូចដើមតាត្រៅនេះឡើយ។
9. យើងបានតុបតែងវាឲ្យមានមែកជាច្រើនដើមឈើទាំងប៉ុន្មាននៅអេដែនដែលជាឧទ្យានរបស់ព្រះជាម្ចាស់នាំគ្នាច្រណែននឹងវា។
10. យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យដឹងថា ដើមតាត្រៅនេះមានកំពស់ខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក ហើយចិត្តរបស់វាក៏ព្រហើនដែរ។
11. ហេតុនេះហើយបានជាយើងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនៃប្រជាជាតិទាំងឡាយ។ អ្នកនោះនឹងប្រព្រឹត្តចំពោះវា តាមអំពើអាក្រក់របស់វា ព្រោះយើងបានបោះបង់វាចោលហើយ។
12. ជនបរទេសដែលសាហាវជាងគេទាំងអស់ក្នុងចំណោមប្រជាជាតិទាំងឡាយ បានកាប់ដើមឈើនោះ រួចទុកចោល។ មែករបស់វារលំទៅលើតំបន់ភ្នំ និងជ្រលងភ្នំទាំងអស់។ រីឯមែកតូចៗរបស់វាបាក់ធ្លាក់ទៅតាមជ្រោះទាំងឡាយ នៅក្នុងស្រុកនោះ។ ជាតិសាសន៍ទាំងប៉ុន្មាននៅផែនដីនាំគ្នាចាកចេញពីម្លប់របស់វា ហើយបោះបង់វាចោល។
13. សត្វស្លាបទាំងប៉ុន្មាននាំគ្នាមកទំនៅតាមមែកបាក់របស់វា ហើយសត្វសាហាវទាំងអស់ក៏មកស្នាក់អាស្រ័យនៅ តាមមែកតូចៗរបស់វាដែរ។
14. ធ្វើដូច្នេះ កុំឲ្យដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំឲ្យដើមឈើណាអួតអាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំងឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។
15. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលដើមតាត្រៅចុះទៅស្ថានមច្ចុរាជ យើងបានឲ្យធម្មជាតិកាន់ទុក្ខ។ ព្រោះតែដើមតាត្រៅនោះងាប់ យើងបានបិទប្រភពទឹកនៅក្រោមដី និងទប់ទឹកទន្លេ រីឯទឹកសមុទ្រក៏លែងកំរើកទៀតដែរ។ យើងបានធ្វើឲ្យមានភាពងងឹតគ្របដណ្ដប់លើភ្នំលីបង់ និងធ្វើឲ្យព្រៃឈើទាំងប៉ុន្មានស្ងួតហួតហែងអស់។
16. យើងបានធ្វើឲ្យប្រជាជាតិនានាញ័ររន្ធត់ នៅពេលឮដើមតាត្រៅនោះរលំ។ ពេលយើងទម្លាក់វាទៅស្ថានមច្ចុរាជជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ នៅទីនោះ ដើមឈើទាំងប៉ុន្មាននៅអេដែន ព្រមទាំងដើមឈើដ៏ល្អបំផុត ដែលដុះនៅកន្លែងសម្បូណ៌ទឹក នៅភ្នំលីបង់ នាំគ្នាសប្បាយចិត្ត។
17. ដើមឈើទាំងនោះក៏ចុះទៅស្ថានមច្ចុរាជជាមួយដើមតាត្រៅ និងជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវដែរ ព្រោះដើមឈើទាំងនោះជាបក្សសម្ព័ន្ធ ដែលស្ថិតនៅក្រោមម្លប់របស់ដើមតាត្រៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។