13. សត្វស្លាបទាំងប៉ុន្មាននាំគ្នាមកទំនៅតាមមែកបាក់របស់វា ហើយសត្វសាហាវទាំងអស់ក៏មកស្នាក់អាស្រ័យនៅ តាមមែកតូចៗរបស់វាដែរ។
14. ធ្វើដូច្នេះ កុំឲ្យដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំឲ្យដើមឈើណាអួតអាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំងឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។
15. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលដើមតាត្រៅចុះទៅស្ថានមច្ចុរាជ យើងបានឲ្យធម្មជាតិកាន់ទុក្ខ។ ព្រោះតែដើមតាត្រៅនោះងាប់ យើងបានបិទប្រភពទឹកនៅក្រោមដី និងទប់ទឹកទន្លេ រីឯទឹកសមុទ្រក៏លែងកំរើកទៀតដែរ។ យើងបានធ្វើឲ្យមានភាពងងឹតគ្របដណ្ដប់លើភ្នំលីបង់ និងធ្វើឲ្យព្រៃឈើទាំងប៉ុន្មានស្ងួតហួតហែងអស់។
16. យើងបានធ្វើឲ្យប្រជាជាតិនានាញ័ររន្ធត់ នៅពេលឮដើមតាត្រៅនោះរលំ។ ពេលយើងទម្លាក់វាទៅស្ថានមច្ចុរាជជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ នៅទីនោះ ដើមឈើទាំងប៉ុន្មាននៅអេដែន ព្រមទាំងដើមឈើដ៏ល្អបំផុត ដែលដុះនៅកន្លែងសម្បូណ៌ទឹក នៅភ្នំលីបង់ នាំគ្នាសប្បាយចិត្ត។
17. ដើមឈើទាំងនោះក៏ចុះទៅស្ថានមច្ចុរាជជាមួយដើមតាត្រៅ និងជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវដែរ ព្រោះដើមឈើទាំងនោះជាបក្សសម្ព័ន្ធ ដែលស្ថិតនៅក្រោមម្លប់របស់ដើមតាត្រៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។
18. ក្នុងចំណោមដើមឈើនៅអេដែន តើមានដើមណារុងរឿងឧត្ដុង្គឧត្ដមដូចអ្នក? ទោះជាយ៉ាងនេះក្ដី ក៏អ្នកនឹងត្រូវគេទម្លាក់ទៅក្នុងរណ្ដៅដូចដើមឈើឯទៀតៗដែរ អ្នកនឹងវិនាសជាមួយពួកទមិឡ ជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ រីឯស្ដេចផារ៉ោន និងប្រជាជនដ៏ច្រើនឥតគណនារបស់ខ្លួន ក៏នឹងត្រូវវិនាសដូច្នេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។