9. នៅថ្ងៃយើងដាក់ទោសស្រុកអេស៊ីប យើងនឹងចាត់មនុស្សឲ្យធ្វើដំណើរតាមសំពៅ នាំដំណឹងទៅប្រាប់អ្នកស្រុកអេត្យូពី ដែលកំពុងតែរស់នៅដោយសុខសាន្ត ធ្វើឲ្យពួកគេភ័យតក់ស្លុត ដ្បិតថ្ងៃដែលពួកគេរងទុក្ខវេទនាជិតមកដល់ហើយ!»។
10. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រើនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន ឲ្យបំបាត់ពូជសាសន៍អេស៊ីបដ៏ច្រើននោះ។
11. យើងនឹងនាំស្ដេចនេប៊ូក្នេសា និងកងទ័ពបាប៊ីឡូនដ៏សាហាវបំផុត មកកម្ទេចស្រុកអេស៊ីប។ ពួកគេនឹងសម្លាប់រង្គាលប្រជាជន ទុកសាកសពនៅពាសពេញក្នុងស្រុក។
12. យើងនឹងធ្វើឲ្យដៃទន្លេនីលរីងស្ងួត យើងប្រគល់ស្រុកនោះទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំណាច យើងនឹងបំផ្លាញស្រុក ព្រមទាំងអ្វីៗដែលមាននៅក្នុងស្រុកនោះ ដោយដៃរបស់ជនបរទេស។ នេះជាពាក្យរបស់យើងដែលជាព្រះអម្ចាស់»។
13. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងកម្ទេចរូបបដិមា យើងនឹងបំបាត់រូបព្រះក្លែងក្លាយពីក្រុងណូប។ ពេលនោះ ស្រុកអេស៊ីបនឹងលែងមានអ្នកដឹកនាំ ហើយយើងនឹងធ្វើឲ្យមានការភ័យខ្លាចនៅស្រុកអេស៊ីប។
14. យើងនឹងបំផ្លាញក្រុងប៉ាត្រុស យើងនឹងដុតកម្ទេចក្រុងសូអាន ហើយដាក់ទោសក្រុងនរ។
15. យើងនឹងជះកំហឹងរបស់យើងលើក្រុងស៊ីន ជាក្រុងដែលមានកំពែងរឹងមាំរបស់ស្រុកអេស៊ីប យើងនឹងដកជីវិតប្រជាជនដ៏ច្រើននៅក្រុងនរ។
16. យើងនឹងដុតស្រុកអេស៊ីប ក្រុងស៊ីននឹងភ័យតក់ស្លុត ក្រុងនរនឹងត្រូវខ្មាំងឡោមព័ទ្ធ ហើយក្រុងណូបនឹងត្រូវខ្មាំងវាយយកបានទាំងកណ្ដាលថ្ងៃត្រង់។