អេសេ‌គាល 30:6-11 Khmer Standard Version (KHSV)

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​អ្នក​ដែល​គាំទ្រ​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស ហើយ​អំណាច​អួត‌អាង​របស់​អេស៊ីប​ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ដែរ។ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

7. ស្រុក​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោ‌ស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិន‌ហោច​លើស​ក្រុង​ឯ​ទៀតៗ​ដែរ។

8. ពេល​ណា​យើង​ដុត​ស្រុក​អេស៊ីប និង​កម្ទេច​បក្ស‌សម្ព័ន្ធ​របស់​ពួក​គេ​អស់​ហើយ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

9. នៅ​ថ្ងៃ​យើង​ដាក់​ទោស​ស្រុក​អេស៊ីប យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ធ្វើ​ដំណើរ​តាម​សំពៅ នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ស្រុក​អេត្យូ‌ពី ដែល​កំពុង​តែ​រស់​នៅ​ដោយ​សុខ‌សាន្ត ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​រង​ទុក្ខ​វេទនា​ជិត​មក​ដល់​ហើយ!»។

10. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រើ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​បំបាត់​ពូជ​សាសន៍​អេស៊ីប​ដ៏​ច្រើន​នោះ។

11. យើង​នឹង​នាំ​ស្ដេច​នេប៊ូ‌ក្នេសា និង​កង‌ទ័ព​បាប៊ី‌ឡូន​ដ៏​សាហាវ​បំផុត មក​កម្ទេច​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​សម្លាប់​រង្គាល​ប្រជា‌ជន ទុក​សាក‌សព​នៅ​ពាស‌ពេញ​ក្នុង​ស្រុក។

អេសេ‌គាល 30