អេសេ‌គាល 30:21-26 Khmer Standard Version (KHSV)

21. «កូន​មនុស្ស​អើយ យើង​បាន​កាច់​បំបាក់​ដៃ​ម្ខាង​របស់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ គ្មាន​នរណា​រុំ​របួស ឬ​ដាក់​ថ្នាំ​ឲ្យ ហើយ​ក៏​គ្មាន​នរណា​យក​ក្រណាត់​មក​ចង​អប ដើម្បី​ឲ្យ​ស្ដេច​នេះ​អាច​កាន់​ដាវ​បាន​ទៀត​ដែរ»។

22. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប យើង​នឹង​បំបាក់​ដៃ​ទាំង​សង​ខាង​របស់​ស្ដេច​នេះ គឺ​ទាំង​ដៃ​ល្អ​ទាំង​ដៃ​បាក់ ហើយ​យើង​នឹង​ជម្រុះ​ដាវ​ចេញ​ពី​ដៃ​របស់​គេ​ដែរ។

23. យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា។

24. យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​នេះ យើង​នឹង​កាច់​បំបាក់​ដៃ​របស់​ស្ដេច​ស្រុក​អេស៊ីប ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​របួស​ជិត​ស្លាប់។

25. យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​បំបាក់​កម្លាំង​របស់​ស្ដេច​ផារ៉ោន។ ពេល​ណា​យើង​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ពេល​ស្ដេច​នេះ​លើក​ដាវ​តម្រង់​ទៅ​រក​ស្រុក​អេស៊ីប នោះ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

26. យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

អេសេ‌គាល 30