អេសេ‌គាល 30:15-26 Khmer Standard Version (KHSV)

15. យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ក្រុង​ស៊ីន ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​អេស៊ីប យើង​នឹង​ដក​ជីវិត​ប្រជា‌ជន​ដ៏​ច្រើន​នៅ​ក្រុង​នរ។

16. យើង​នឹង​ដុត​ស្រុក​អេស៊ីប ក្រុង​ស៊ីន​នឹង​ភ័យ​តក់‌ស្លុត ក្រុង​នរ​នឹង​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្រុង​ណូប​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់។

17. ពួក​យុវជន​នៅ​ក្រុង​អាវេន និង​ក្រុង​ពីបែ‌សែត ដួល​ស្លាប់​ដោយ​មុខ​ដាវ ហើយ​អ្នក​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។

18. ពេល​យើង​បំបាក់​នឹម​របស់​ស្រុក​អេស៊ីប ហើយ​ពេល​ដែល​អំណាច​អួត‌អាង​របស់​ពួក​គេ​រលាយ​សូន្យ នោះ​នៅ​ក្រុង​តាហា‌ពេនេស ថ្ងៃ​ប្រែ​ជា​ងងឹត ពពក​អាប់‌អួ​គ្រប​ដណ្ដប់​ពាស‌ពេញ​ក្រុង ហើយ​ប្រជា‌ជន​របស់​គេ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។

19. យើង​នឹង​ធ្វើ​ទោស​ស្រុក​អេស៊ីប ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

20. នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​ប្រាំ‌ពីរ ក្នុង​ខែ​ទី​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖

21. «កូន​មនុស្ស​អើយ យើង​បាន​កាច់​បំបាក់​ដៃ​ម្ខាង​របស់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ គ្មាន​នរណា​រុំ​របួស ឬ​ដាក់​ថ្នាំ​ឲ្យ ហើយ​ក៏​គ្មាន​នរណា​យក​ក្រណាត់​មក​ចង​អប ដើម្បី​ឲ្យ​ស្ដេច​នេះ​អាច​កាន់​ដាវ​បាន​ទៀត​ដែរ»។

22. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប យើង​នឹង​បំបាក់​ដៃ​ទាំង​សង​ខាង​របស់​ស្ដេច​នេះ គឺ​ទាំង​ដៃ​ល្អ​ទាំង​ដៃ​បាក់ ហើយ​យើង​នឹង​ជម្រុះ​ដាវ​ចេញ​ពី​ដៃ​របស់​គេ​ដែរ។

23. យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា។

24. យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​នេះ យើង​នឹង​កាច់​បំបាក់​ដៃ​របស់​ស្ដេច​ស្រុក​អេស៊ីប ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​របួស​ជិត​ស្លាប់។

25. យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​បំបាក់​កម្លាំង​របស់​ស្ដេច​ផារ៉ោន។ ពេល​ណា​យើង​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ពេល​ស្ដេច​នេះ​លើក​ដាវ​តម្រង់​ទៅ​រក​ស្រុក​អេស៊ីប នោះ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

26. យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

អេសេ‌គាល 30