1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាសោកសង្រេង ដ្បិតថ្ងៃនោះវេទនាណាស់!
3. ថ្ងៃនោះនៅជិតបង្កើយហើយ គឺជាថ្ងៃរបស់ព្រះអម្ចាស់ ថ្ងៃដែលមានពពក ថ្ងៃដែលប្រជាជាតិនានាវាយប្រហារគ្នា។
4. សង្គ្រាមនឹងមកដល់ស្រុកអេស៊ីប ទុក្ខវេទនានឹងកើតមាននៅស្រុកអេត្យូពី។ ជនជាតិអេស៊ីបនឹងត្រូវគេសម្លាប់រង្គាល សត្រូវរឹបអូសយកសម្បត្តិរបស់ស្រុកអេស៊ីប ព្រមទាំងកម្ទេចស្រុកនេះផង។
5. អ្នកស្រុកអេត្យូពី អ្នកស្រុកពូត អ្នកស្រុកលូឌ ពួកកូនកាត់ទាំងប៉ុន្មាន និងអ្នកស្រុកគូប ព្រមទាំងប្រជាជនរបស់យើងផ្ទាល់ ក៏នឹងត្រូវស្លាប់ដោយមុខដាវជាមួយជនជាតិអេស៊ីបដែរ»។
6. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកអ្នកដែលគាំទ្រស្រុកអេស៊ីបនឹងត្រូវវិនាស ហើយអំណាចអួតអាងរបស់អេស៊ីបក៏ត្រូវរលាយសូន្យទៅដែរ។ ពួកគេនឹងស្លាប់ដោយមុខដាវ ចាប់តាំងពីក្រុងមីគដូល រហូតដល់ក្រុងស៊ីយេន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
7. ស្រុករបស់ពួកគេនឹងក្លាយទៅជាទីស្មសាន ស្ងាត់ជាងវាលរហោស្ថានទៅទៀត។ ក្រុងរបស់គេក៏ត្រូវហិនហោចលើសក្រុងឯទៀតៗដែរ។
8. ពេលណាយើងដុតស្រុកអេស៊ីប និងកម្ទេចបក្សសម្ព័ន្ធរបស់ពួកគេអស់ហើយ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
9. នៅថ្ងៃយើងដាក់ទោសស្រុកអេស៊ីប យើងនឹងចាត់មនុស្សឲ្យធ្វើដំណើរតាមសំពៅ នាំដំណឹងទៅប្រាប់អ្នកស្រុកអេត្យូពី ដែលកំពុងតែរស់នៅដោយសុខសាន្ត ធ្វើឲ្យពួកគេភ័យតក់ស្លុត ដ្បិតថ្ងៃដែលពួកគេរងទុក្ខវេទនាជិតមកដល់ហើយ!»។
10. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រើនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន ឲ្យបំបាត់ពូជសាសន៍អេស៊ីបដ៏ច្រើននោះ។
11. យើងនឹងនាំស្ដេចនេប៊ូក្នេសា និងកងទ័ពបាប៊ីឡូនដ៏សាហាវបំផុត មកកម្ទេចស្រុកអេស៊ីប។ ពួកគេនឹងសម្លាប់រង្គាលប្រជាជន ទុកសាកសពនៅពាសពេញក្នុងស្រុក។
12. យើងនឹងធ្វើឲ្យដៃទន្លេនីលរីងស្ងួត យើងប្រគល់ស្រុកនោះទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំណាច យើងនឹងបំផ្លាញស្រុក ព្រមទាំងអ្វីៗដែលមាននៅក្នុងស្រុកនោះ ដោយដៃរបស់ជនបរទេស។ នេះជាពាក្យរបស់យើងដែលជាព្រះអម្ចាស់»។
13. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងកម្ទេចរូបបដិមា យើងនឹងបំបាត់រូបព្រះក្លែងក្លាយពីក្រុងណូប។ ពេលនោះ ស្រុកអេស៊ីបនឹងលែងមានអ្នកដឹកនាំ ហើយយើងនឹងធ្វើឲ្យមានការភ័យខ្លាចនៅស្រុកអេស៊ីប។