17. «កូនមនុស្សអើយ! យើងតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រាអែល។ កាលណាអ្នកឮពាក្យរបស់យើង ចូរយកទៅថ្លែងប្រាប់ពួកគេក្នុងនាមយើងផង។
18. ពេលយើងនិយាយទៅកាន់មនុស្សអាក្រក់ថា “អ្នកនឹងត្រូវស្លាប់!” ប្រសិនបើអ្នកមិនប្រាប់គេឲ្យដឹងខ្លួន ប្រសិនបើអ្នកមិនទូន្មានគេឲ្យងាកចេញពីផ្លូវអាក្រក់ ដើម្បីបានរួចជីវិតទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះអំពើបាបរបស់ខ្លួន តែយើងនឹងដាក់ទោសអ្នក។
19. ផ្ទុយទៅវិញ បើអ្នកទូន្មានមនុស្សអាក្រក់ តែគេមិនងាកចេញពីផ្លូវអាក្រក់របស់ខ្លួនទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន រីឯអ្នកវិញ អ្នកនឹងបានរួចជីវិត។
20. ប្រសិនបើមនុស្សសុចរិតម្នាក់ងាកចេញពីផ្លូវសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិត យើងនឹងធ្វើឲ្យគេជំពប់ជើងដួល ហើយគេនឹងស្លាប់ពុំខាន។ គេនឹងត្រូវស្លាប់ព្រោះតែអំពើបាបរបស់ខ្លួនដោយអ្នកមិនបានទូន្មានគេ។ គ្មាននរណានឹកឃើញអំពើសុចរិតដែលអ្នកនោះធ្លាប់ប្រព្រឹត្តឡើយ តែយើងនឹងដាក់ទោសអ្នក។
21. ផ្ទុយទៅវិញប្រសិនបើអ្នកទូន្មានមនុស្សសុចរិតកុំឲ្យប្រព្រឹត្តអំពើបាប ហើយបើគេមិនប្រព្រឹត្តអំពើបាបទេនោះ គេនឹងមានជីវិតតទៅមុខទៀត ព្រោះតែអ្នកបានទូន្មានគេ ចំណែកឯអ្នកវិញ អ្នកនឹងបានរួចជីវិត»។
22. ព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំសាជាថ្មី ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅជ្រលងភ្នំ នៅទីនោះ យើងនឹងនិយាយជាមួយអ្នក»។
23. ខ្ញុំក៏ក្រោកឡើង ចេញទៅជ្រលងភ្នំ ហើយខ្ញុំឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់នៅទីនោះ ដូចខ្ញុំធ្លាប់ឃើញនៅជិតទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ អោនមុខដល់ដី។
24. ព្រះវិញ្ញាណយាងចូលមកគង់នៅក្នុងខ្ញុំ ធ្វើឲ្យខ្ញុំក្រោកឈរឡើង។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅបិទទ្វារ សំងំនៅក្នុងផ្ទះរបស់អ្នកទៅ។
25. កូនមនុស្សអើយ ពួកគេនឹងបោះខ្សែពួរលើអ្នក ពួកគេនឹងយកខ្សែនោះចងអ្នក ហើយអ្នកពុំអាចចេញទៅក្នុងចំណោមពួកគេបានទៀតឡើយ។