13. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «លុះអំឡុងពេលសែសិបឆ្នាំនោះកន្លងផុតទៅ យើងនឹងប្រមូលជនជាតិអេស៊ីបពីក្នុងចំណោមជាតិសាសន៍នានា ដែលយើងបណ្ដេញពួកគេទៅនោះ ឲ្យត្រឡប់មកវិញ។
14. យើងនឹងស្ដារស្រុកអេស៊ីបឡើងវិញ យើងនឹងនាំពួកគេមកនៅស្រុកប៉ាត្រុស ជាស្រុកកំណើតរបស់ខ្លួន ហើយពួកគេនឹងប្រមូលផ្ដុំគ្នាជានគរមួយដ៏ទន់ខ្សោយ។
15. ស្រុកអេស៊ីបនឹងក្លាយទៅជានគរមួយទន់ខ្សោយជាងនគរឯទៀតៗ គេនឹងលែងត្រួតត្រាលើប្រជាជាតិនានា គឺយើងនឹងធ្វើឲ្យគេចុះអន់ថយ ដើម្បីកុំឲ្យគេត្រួតត្រាលើប្រជាជាតិនានាទៀត។
16. ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងលែងមានបង្អែក ដែលទាក់ទាញពួកគេឲ្យប្រព្រឹត្តអំពើបាប ដោយបែរទៅរកស្រុកអេស៊ីបមកជួយ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់»។
17. នៅឆ្នាំទីម្ភៃប្រាំពីរ ថ្ងៃទីមួយ ក្នុងខែទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
18. «កូនមនុស្សអើយ នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានប្រើកងទ័ពរបស់ខ្លួនឲ្យប្រឹងប្រែងវាយយកក្រុងទីរ៉ុស។ ទាហានបាប៊ីឡូនទាំងអស់ខំប្រឹងរហូតដល់ជ្រុះសក់ និងមានស្នាមរបួសពេញស្មា តែស្ដេចស្រុកបាប៊ីឡូន និងកងទ័ព ពុំបានទទួលជ័យជំនះ ពីការវាយលុកក្រុងទីរ៉ុសឡើយ។