8. ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្ដៅ អ្នកនឹងត្រូវស្លាប់ ដោយគេចាក់ទម្លុះនៅកណ្ដាលសមុទ្រ។
9. នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។
10. អ្នកនឹងត្រូវស្លាប់ដោយដៃជនបរទេស ដូចជនមិនស្គាល់ព្រះជាម្ចាស់ ដ្បិតយើងហើយដែលប្រកាសការនេះ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
12. «កូនមនុស្សអើយ ចូរលើកបទទំនួញអំពីស្ដេចក្រុងទីរ៉ុស! ចូរប្រាប់ស្ដេចនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកជាគំរូពេញលក្ខណៈ អ្នកពោរពេញទៅដោយប្រាជ្ញាវាងវៃ ព្រមទាំងមានសម្ផស្សយ៉ាងល្អឥតខ្ចោះ។
13. អ្នកស្ថិតនៅស្រុកអេដែន ក្នុងឧទ្យានរបស់ព្រះជាម្ចាស់ដែលមានត្បូងគ្រប់មុខជាជញ្ជាំង គឺត្បូងទទឹម ត្បូងជម្ពូរ័ត្ន ត្បូងពេជ្រ ត្បូងប៊ុតលឿង ត្បូងដៃរគៀម ត្បូងមណីរ័ត្ន ត្បូងកណ្ដៀង ត្បូងនិលរ័ត្ន មរកត និងមាស។ មានស្គរ និងខ្លុយ នៅចាំលេងកំដរអ្នកជាស្រេច តាំងតែពីថ្ងៃដែលអ្នកកើតម៉្លេះ។
14. អ្នកជាចេរូប៊ីន*ត្រដាងស្លាប ដែលយើងបានតែងតាំងឲ្យការពារ យើងបានដាក់អ្នកនៅលើភ្នំរបស់យើង អ្នកដើរនៅកណ្ដាលថ្មដ៏ភ្លឺផ្លេក។
15. ចាប់តាំងពីថ្ងៃដែលយើងបង្កើតអ្នក រហូតមកដល់ថ្ងៃដែលគេឃើញភាពទុច្ចរិតនៅក្នុងអ្នក អ្នកធ្លាប់តែមានកិរិយាមារយាទល្អឥតខ្ចោះ។