21. «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងស៊ីដូន ហើយថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងក្រុងនោះទៅ!
22. ត្រូវពោលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្រុងស៊ីដូនអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងទទួលសិរីរុងរឿងនៅក្នុងអ្នក។ ពេលណាយើងសម្រេចការវិនិច្ឆ័យទោសក្រុងនេះហើយ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ ហើយយើងនឹងសម្តែងឲ្យអ្នកក្រុងនេះឃើញថា យើងជាព្រះដ៏វិសុទ្ធ។
23. យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមាននៅក្នុងទីក្រុង យើងនឹងធ្វើឲ្យឈាមហូរដាបនៅតាមដងផ្លូវ ខ្មាំងសត្រូវវាយប្រហារពីគ្រប់ទិសទី ធ្វើឲ្យពួកគេបរាជ័យ ដួលស្លាប់នៅក្នុងទីក្រុង ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់”។
24. ក្នុងចំណោមប្រជាជាតិនានាដែលនៅជុំវិញ គ្មាននរណាមាក់ងាយកូនចៅអ៊ីស្រាអែល គឺគ្មាននរណាធ្វើបាបពួកគេឲ្យឈឺចាប់ ដូចមុតបន្លាទៀតឡើយ។ ពេលនោះ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់»។
25. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅពេលយើងប្រមូលជនជាតិអ៊ីស្រាអែល ដែលយើងបានកំចាត់កំចាយ ទៅក្នុងចំណោមសាសន៍ទាំងឡាយនោះមកវិញ យើងនឹងសម្តែងឲ្យប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ។ ពួកគេនឹងរស់នៅលើទឹកដីរបស់ខ្លួន គឺទឹកដីដែលយើងបានប្រគល់ឲ្យយ៉ាកុប ជាអ្នកបម្រើរបស់យើង។
26. ពួកគេនឹងរស់នៅយ៉ាងសុខសាន្តលើទឹកដីនេះ ពួកគេនឹងសង់ផ្ទះ ហើយដាំទំពាំងបាយជូរ។ កាលណាយើងដាក់ទោសសាសន៍ទាំងប៉ុន្មាននៅជុំវិញ ដែលបានមាក់ងាយពួកគេរួចហើយ ពួកគេនឹងរស់នៅយ៉ាងសុខសាន្ត។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ»។