15. ចាប់តាំងពីថ្ងៃដែលយើងបង្កើតអ្នក រហូតមកដល់ថ្ងៃដែលគេឃើញភាពទុច្ចរិតនៅក្នុងអ្នក អ្នកធ្លាប់តែមានកិរិយាមារយាទល្អឥតខ្ចោះ។
16. ការរីកចម្រើននៃជំនួញរបស់អ្នក នាំឲ្យអ្នកពោរពេញដោយអំពើឃោរឃៅ និងអំពើបាប។ ហេតុនេះ យើងដេញអ្នកចុះពីភ្នំរបស់យើង ឲ្យអ្នកក្លាយទៅជាមនុស្សសាមញ្ញ។ ចេរូប៊ីនដែលជាអ្នកការពារអើយ យើងដេញអ្នកចេញពីចំណោមថ្មដ៏ភ្លឺផ្លេក។
17. អ្នកមានចិត្តព្រហើន ព្រោះតែរូបសម្បត្តិដ៏ល្អស្អាតរបស់ខ្លួន។ អ្នកបានធ្វើឲ្យខ្លួនអាប់ប្រាជ្ញា ព្រោះតែភាពរុងរឿងរបស់អ្នក។ យើងបោះអ្នកទៅដី យើងធ្វើទោសអ្នកឲ្យស្ដេចនានាឃើញ។
18. អ្នកបានបង្អាប់ទីសក្ការៈរបស់យើង ដោយសារអំពើបាបដ៏ច្រើនឥតគណនា និងដោយសារជំនួញដ៏ទុច្ចរិតរបស់អ្នក។ យើងនឹងធ្វើឲ្យមានភ្លើងចេញពីអ្នក ឆេះបន្សុសអ្នក យើងនឹងកម្ទេចអ្នកឲ្យទៅជាផេះនៅលើផែនដី ដើម្បីឲ្យមនុស្សម្នាបានឃើញ។
19. ជាតិសាសន៍នានាដែលស្គាល់អ្នកនឹងងឿងឆ្ងល់ ដោយឃើញអ្នកធ្លាក់ខ្លួនដូច្នេះ ពួកគេភ័យតក់ស្លុត ហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។
20. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
21. «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងស៊ីដូន ហើយថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងក្រុងនោះទៅ!
22. ត្រូវពោលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្រុងស៊ីដូនអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងទទួលសិរីរុងរឿងនៅក្នុងអ្នក។ ពេលណាយើងសម្រេចការវិនិច្ឆ័យទោសក្រុងនេះហើយ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ ហើយយើងនឹងសម្តែងឲ្យអ្នកក្រុងនេះឃើញថា យើងជាព្រះដ៏វិសុទ្ធ។
23. យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមាននៅក្នុងទីក្រុង យើងនឹងធ្វើឲ្យឈាមហូរដាបនៅតាមដងផ្លូវ ខ្មាំងសត្រូវវាយប្រហារពីគ្រប់ទិសទី ធ្វើឲ្យពួកគេបរាជ័យ ដួលស្លាប់នៅក្នុងទីក្រុង ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់”។