7. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ក្រុងទីរ៉ុសអើយយើងនឹងហៅស្ដេចនេប៊ូក្នេសា ជាមហាក្សត្រលើក្សត្រនានា ឲ្យមកវាយប្រហារអ្នក នេប៊ូក្នេសានឹងលើកទ័ពពីទិសខាងជើងមក គឺមានកងពលសេះ រទេះចំបាំង ព្រមទាំងទាហានដ៏ច្រើនផង។
8. សត្រូវនឹងសម្លាប់ប្រជាជន តាមស្រុកភូមិដែលនៅជុំវិញអ្នក ព្រមទាំងលើកទួលសម្រាប់វាយលុក សង់លេណដ្ឋាន និងលើកកំពែងការពារខ្លួន។
9. សត្រូវនឹងយករនុកដែកមកបុកទម្លុះកំពែងរបស់អ្នក ព្រមទាំងប្រើអាវុធកម្ទេចប៉មរបស់អ្នកទៀតផង។
10. ទ័ពសេះដ៏ច្រើនរបស់ពួកគេនឹងសម្រុកចូលមក ធ្វើឲ្យដីហុយជុំជិតលើអ្នក ហើយកំពែងរបស់អ្នកនឹងរញ្ជួយញាប់ញ័រដោយសន្ធឹកទ័ពសេះ កង់រទេះចំបាំង នៅពេលសត្រូវសម្រុកចូលមកតាមទ្វាររបស់អ្នក ដូចគេចូលទៅក្នុងក្រុងដែលគេវាយយកបាន។
11. ជើងសេះរបស់ពួកគេនឹងជាន់កម្ទេចផ្លូវទាំងប៉ុន្មានរបស់អ្នក គេនឹងប្រហារជីវិតប្រជាជនរបស់អ្នក ហើយរំលំស្តូបដែលជាតំណាងឫទ្ធិអំណាចរបស់អ្នកដែរ។
12. សត្រូវនឹងដណ្ដើមយកទ្រព្យសម្បត្តិរបស់អ្នក គេរឹបអូសយកទំនិញរបស់អ្នក ទុកជារបស់ជយភ័ណ្ឌ គេនឹងរំលំកំពែងរបស់អ្នក បំផ្លាញវិមានរបស់អ្នក ហើយយកថ្ម ឈើ និងអ្វីៗដែលនៅសេសសល់បោះទៅក្នុងសមុទ្រ។
13. យើងនឹងបំបាត់ស្នូរចម្រៀងរបស់អ្នក ហើយសំឡេងពិណរបស់អ្នកក៏នឹងលែងឮទៀតដែរ។