10. ទ័ពសេះដ៏ច្រើនរបស់ពួកគេនឹងសម្រុកចូលមក ធ្វើឲ្យដីហុយជុំជិតលើអ្នក ហើយកំពែងរបស់អ្នកនឹងរញ្ជួយញាប់ញ័រដោយសន្ធឹកទ័ពសេះ កង់រទេះចំបាំង នៅពេលសត្រូវសម្រុកចូលមកតាមទ្វាររបស់អ្នក ដូចគេចូលទៅក្នុងក្រុងដែលគេវាយយកបាន។
11. ជើងសេះរបស់ពួកគេនឹងជាន់កម្ទេចផ្លូវទាំងប៉ុន្មានរបស់អ្នក គេនឹងប្រហារជីវិតប្រជាជនរបស់អ្នក ហើយរំលំស្តូបដែលជាតំណាងឫទ្ធិអំណាចរបស់អ្នកដែរ។
12. សត្រូវនឹងដណ្ដើមយកទ្រព្យសម្បត្តិរបស់អ្នក គេរឹបអូសយកទំនិញរបស់អ្នក ទុកជារបស់ជយភ័ណ្ឌ គេនឹងរំលំកំពែងរបស់អ្នក បំផ្លាញវិមានរបស់អ្នក ហើយយកថ្ម ឈើ និងអ្វីៗដែលនៅសេសសល់បោះទៅក្នុងសមុទ្រ។
13. យើងនឹងបំបាត់ស្នូរចម្រៀងរបស់អ្នក ហើយសំឡេងពិណរបស់អ្នកក៏នឹងលែងឮទៀតដែរ។
14. យើងនឹងទុកឲ្យអ្នកនៅសល់តែផ្ទាំងថ្មមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយគ្មាននរណាសង់អ្នកឡើងវិញឡើយ ដ្បិតយើងជាព្រះជាអម្ចាស់បានប្រកាសសេចក្ដីទាំងនេះ»។
15. ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ក្រុងទីរ៉ុសដូចតទៅ៖ «ប្រជាជននៅតាមកោះនានានឹងញ័ររន្ធត់ នៅពេលឮដំណឹងថា សត្រូវវាយយកអ្នកបាន ហើយឮសម្រែកថ្ងូររបស់អ្នករបួស និងការសម្លាប់រង្គាលនៅក្នុងអ្នក។
16. ស្ដេចរបស់ស្រុកនានានៅតាមឆ្នេរសមុទ្រនឹងនាំគ្នាចុះពីបល្ល័ង្ក ដោះសម្លៀកបំពាក់ និងអាវប៉ាក់ចេញ រួចយកការភ័យខ្លាចមកពាក់ជំនួស ហើយអង្គុយផ្ទាល់ដី ទាំងភ័យញាប់ញ័រឥតឈប់ឈរ ព្រោះឃើញអ្នកធ្លាក់ខ្លួនបែបនេះ។
17. ពួកគេស្មូត្រទំនួញមួយបទស្រណោះអ្នក ដោយពោលថា “ទីក្រុងដ៏ល្បីល្បាញអើយ អ្នកជាជម្រករបស់ប្រជាជនដែលធ្វើដំណើរតាមសមុទ្រ អ្នក និងប្រជាជនរបស់អ្នកជាមហាអំណាចនៅដែនសមុទ្រ ហើយធ្លាប់តែធ្វើឲ្យជាតិសាសន៍នៅជុំវិញព្រឺខ្លាច ឥឡូវនេះ ម្ដេចក៏អ្នកវិនាសបាត់បង់ដូច្នេះ?”។
18. នៅថ្ងៃដែលខ្មាំងវាយយកអ្នកបាន ប្រជាជននៅតាមកោះភ័យញាប់ញ័រ ប្រជាជននៅតាមឆ្នេរសមុទ្ររន្ធត់ចិត្ត ព្រោះឃើញអ្នកវិនាសបាត់បង់»។
19. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ពេលណាយើងធ្វើឲ្យអ្នកក្លាយទៅជាក្រុងដែលនៅសល់តែសំណល់បាក់បែក គឺដូចក្រុងដែលគ្មានមនុស្សរស់នៅ ពេលណាយើងធ្វើឲ្យទឹកពីទីជម្រៅ និងមហាសាគរជន់ឡើងគ្របពីលើអ្នក
20. យើងនឹងទម្លាក់អ្នកចុះទៅជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅមុនអ្នក។ យើងនឹងឲ្យអ្នករស់នៅក្នុងទីជម្រៅនៃផែនដី ជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ជាកន្លែងវិនាសបង់អស់កល្បជានិច្ច។ អ្នកនឹងមិនវិលត្រឡប់មកផែនដីទទួលកន្លែងក្នុងពិភពរបស់អស់អ្នកដែលមានជីវិតឡើយ។
21. យើងនឹងធ្វើឲ្យមនុស្សតក់ស្លុត នៅពេលឃើញអ្នកវេទនាដូច្នេះ គេនឹងស្វែងរកអ្នក តែរកមិនឃើញទៀតឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។