អេសេ‌គាល 25:6-12 Khmer Standard Version (KHSV)

6. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​ទះ​ដៃ លោត​កព្ឆោង​យ៉ាង​សប្បាយ​អស់​ពី​ចិត្ត អ្នក​ត្រេក​អរ ព្រោះ​ឃើញ​ទឹក​ដី​អ៊ីស្រា‌អែល​ហិន‌ហោច ហើយ​មើល‌ងាយ​ពួក​គេ​ទៀត​ផង

7. យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រគល់​អ្នក​ទៅ​ឲ្យ​ប្រជា‌ជាតិ​នានា​ត្របាក់​លេប យើង​នឹង​ដក​អ្នក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​លុប​បំបាត់​អ្នក​ពី​ស្រុក យើង​នឹង​កម្ទេច​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

8. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ​នាំ​គ្នា​ពោល​ថា “មើល​ចុះ ជន‌ជាតិ​យូដា​មិន​ខុស​ពី​ប្រជា‌ជាតិ​ឯ​ទៀតៗ​ទេ!”

9. យើង​នឹង​បើក​ឲ្យ​ខ្មាំង​ចូល​វាយ​ក្រុង​ដែល​នៅ​តាម​ព្រំ‌ប្រទល់​ស្រុក​ម៉ូអាប់​ជា​បន្ត​បន្ទាប់ សូម្បី​តែ​ក្រុង​ដ៏​ល្អ​ជាង​គេ ដូច​ជា​ក្រុង​បេត-‌យេស៊ី‌ម៉ូត បាល-‌មេយ៉ូន និង​គារយ៉ា‌ថែម ក៏​ត្រូវ​ខ្មាំង​វាយ​ប្រហារ​ដែរ។

10. កុល‌សម្ព័ន្ធ​ពី​ទិស​ខាង​កើត ដែល​បាន​វាយ​ជន‌ជាតិ​អាំម៉ូន ក៏​មក​រឹប​អូស​យក​ស្រុក​នេះ​ដែរ។ យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពួក​គេ​កាន់​កាប់ រហូត​ដល់​លែង​មាន​នរណា​នឹក​នា​ដល់​ជន‌ជាតិ​នេះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទៀត។

11. យើង​នឹង​ដាក់​ទោស​ជន‌ជាតិ​ម៉ូអាប់ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

12. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ជន‌ជាតិ​អេដុម​សង‌សឹក​ជន‌ជាតិ​យូដា​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស»។

អេសេ‌គាល 25