1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «កូនមនុស្សអើយ ចូរបែរមុខទៅរកជនជាតិអាំម៉ូន ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងពួកគេ។
3. ត្រូវប្រាប់ជនជាតិអាំម៉ូនដូចតទៅ: ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកសើចចំអក នៅពេលឃើញទីសក្ការៈរបស់យើងត្រូវខ្មាំងបន្ថោក ឃើញទឹកដីអ៊ីស្រាអែលត្រូវខ្មាំងបំផ្លាញ ហើយជនជាតិយូដាត្រូវខ្មាំងកៀរយកទៅជាឈ្លើយ
4. យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់កុលសម្ព័ន្ធ*ដែលមកពីទិសខាងកើត។ ពួកគេនឹងនាំគ្នាបោះជំរំ តាំងទីលំនៅលើទឹកដីរបស់អ្នក ពួកគេនឹងបរិភោគផ្លែឈើដែលអ្នកបានដាំ ហើយផឹកទឹកដោះពីហ្វូងសត្វរបស់អ្នក។
5. យើងនឹងធ្វើឲ្យក្រុងរ៉ាបាត ក្លាយទៅជាវាលស្មៅសម្រាប់អូដ្ឋរបស់ពួកគេ ស្រុកអាំម៉ូននឹងទៅជាក្រោលហ្វូងចៀមរបស់ពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
6. ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នកទះដៃ លោតកព្ឆោងយ៉ាងសប្បាយអស់ពីចិត្ត អ្នកត្រេកអរ ព្រោះឃើញទឹកដីអ៊ីស្រាអែលហិនហោច ហើយមើលងាយពួកគេទៀតផង
7. យើងនឹងលើកដៃប្រហារអ្នក យើងប្រគល់អ្នកទៅឲ្យប្រជាជាតិនានាត្របាក់លេប យើងនឹងដកអ្នកចេញពីចំណោមជាតិសាសន៍នានា យើងនឹងលុបបំបាត់អ្នកពីស្រុក យើងនឹងកម្ទេចអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
8. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកភ្នំសៀរនាំគ្នាពោលថា “មើលចុះ ជនជាតិយូដាមិនខុសពីប្រជាជាតិឯទៀតៗទេ!”
9. យើងនឹងបើកឲ្យខ្មាំងចូលវាយក្រុងដែលនៅតាមព្រំប្រទល់ស្រុកម៉ូអាប់ជាបន្តបន្ទាប់ សូម្បីតែក្រុងដ៏ល្អជាងគេ ដូចជាក្រុងបេត-យេស៊ីម៉ូត បាល-មេយ៉ូន និងគារយ៉ាថែម ក៏ត្រូវខ្មាំងវាយប្រហារដែរ។
10. កុលសម្ព័ន្ធពីទិសខាងកើត ដែលបានវាយជនជាតិអាំម៉ូន ក៏មករឹបអូសយកស្រុកនេះដែរ។ យើងនឹងប្រគល់ស្រុកនេះឲ្យពួកគេកាន់កាប់ រហូតដល់លែងមាននរណានឹកនាដល់ជនជាតិនេះ ក្នុងចំណោមប្រជាជាតិទាំងឡាយទៀត។
11. យើងនឹងដាក់ទោសជនជាតិម៉ូអាប់ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។