2. «កូនមនុស្សអើយ ចូរកត់ត្រាថ្ងៃនេះទុក ដ្បិតថ្ងៃនេះហើយដែលស្ដេចស្រុកបាប៊ីឡូនឡោមព័ទ្ធក្រុងយេរូសាឡឹម។
3. ចូរចោទប្រស្នាមួយដល់ពូជអ្នកបះបោរនេះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:ចូររៀបចំថ្លាងមួយដាក់នៅលើភ្លើងរួចចាក់ទឹកទៅក្នុងថ្លាងនោះ។
4. បន្ទាប់មក ចូរដាក់សាច់ទៅក្នុងថ្លាងគឺសាច់ល្អៗ សាច់ភ្លៅ សាច់ស្មារួចដាក់ឆ្អឹងល្អៗបំពេញថ្លាងនោះដែរ។
5. ចូរយកសាច់ចៀមដ៏ល្អៗមកហើយយកឆ្អឹងរបស់វាដាក់ពីក្រោម។ចូរស្ងោរសាច់នៅក្នុងថ្លាងឲ្យផុយសូម្បីតែឆ្អឹងក៏ត្រូវឲ្យឆ្អិនល្អដែរ។
6. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:ក្រុងដែលប្រឡាក់ទៅដោយឈាមមុខជាត្រូវវេទនាពុំខាន!ក្រុងនេះប្រៀបបាននឹងថ្លាងដុះស្នឹមហើយស្នឹមនេះដុសមិនជ្រះទេ។ចូរស្រង់ដុំសាច់ចេញបន្តបន្ទាប់គ្នាគ្មានដុំណាមួយនៅសល់ឡើយ។
7. នៅក្នុងក្រុង គេសម្លាប់គ្នាគេបង្ហូរឈាមនៅលើផ្ទាំងថ្មគឺមិនទុកឲ្យឈាមនោះស្រោចលើដីហើយយកដីលុបទេ។
8. ដូច្នេះ ដើម្បីសម្រេចតាមកំហឹងនិងតាមការសងសឹករបស់យើងយើងនឹងទុកឈាមគេនៅលើផ្ទាំងថ្មឥតយកដីលុបឡើយ។
9. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:ក្រុងដែលប្រឡាក់ទៅដោយឈាមមុខជាត្រូវវេទនាពុំខាន!ដ្បិតយើងនឹងបង្កាត់ភ្លើងដ៏សន្ធោសន្ធៅដែរ។
10. ចូរយកអុសយ៉ាងច្រើនមកគរលើគ្នា!ចូរបង្កាត់ភ្លើង! ចូរចំអិនសាច់!ចូរដាក់គ្រឿង ហើយដុតបន្សុសឆ្អឹងទៅ!
11. បន្ទាប់មក ចូរដាក់ថ្លាងទទេលើភ្លើងទុកឲ្យក្ដៅរហូតទាល់តែស្ពាន់ឡើងក្រហមអ្វីៗដែលកខ្វក់នៅក្នុងនោះ ត្រូវរលាយរីឯស្នឹមក៏ត្រូវរលាយអស់ដែរ។
12. ទោះបីគេខំប្រឹងយ៉ាងណាក៏ដុសស្នឹមមិនជ្រះដែរ គឺមានតែភ្លើងទេដែលអាចជម្រះស្នឹមបាន!
13. យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។
14. យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា នឹងកើតមានយ៉ាងនោះ។ យើងសម្រេចតាមពាក្យរបស់យើង ឥតដូរគំនិតឡើយ។ យើងក៏មិនអាណិតអាសូរ ឬស្ដាយក្រោយដែរ។ នាងនឹងត្រូវទទួលទោសតាមកិរិយាមារយាទ និងអំពើទាំងឡាយដែលនាងបានប្រព្រឹត្ត»-នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
15. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
16. «កូនមនុស្សអើយ! យើងនឹងដកជីវិតប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នក ក្នុងមួយប៉ប្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវសោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។
17. ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។
18. នៅពេលព្រឹក ខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាច ប្រពន្ធខ្ញុំបាត់បង់ជីវិត។ ស្អែកឡើង ខ្ញុំធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ។